ដោយៈស៊ីវ
ម៉េងមណ្ឌលគិរីៈ ការកើនឡើងតម្លៃដីធ្លីនៅខេត្តមណ្ឌលគិរី ពិសេសក្រុងសែនមនោរម្យ មិនបានធ្វើឲ្យទឹកដីដ៏ស្រស់ត្រកាលនេះ មានសភាពអូរអរដូចមុនវិបត្តិកូវីដ១៩ឡើយ ប៉ុន្តែអ្វីៗនឹងបញ្ចេញពន្លឺឡើងវិញ ក្រោយបញ្ចប់នូវយុគកូវីដ១៩។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ កក្កដានេះថា បច្ចុប្បន្នខេត្តមណ្ឌលគិរី ហាក់មានសភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែអ្វីៗនឹងមានសភាពអូរអរឡើងវិញ ក្រោយពេលវិបត្តិកូវីដ១៩បញ្ចប់នាពេលខាងមុខ។
លោកបន្តថា “ជាមួយនឹងទស្សនទានចំពោះមុខ ខ្ញុំគិតថាខេត្តនេះនឹងមានការរីកចម្រើនលឿននាពេលអនាគត ពិសេសផ្នែកទេសចរណ៍ ព្រោះបើធៀបតំបន់អឺរ៉ុប មានតែខេត្តនេះមួយទេនៅកម្ពុជា ដែលមានទេសភាព វាលស្មៅ និងអាកាសធាតុត្រជាក់ងាយស្រួលរស់នៅ”។លោកបន្តថា “នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ខេត្តនេះនឹងមានការរីកចម្រើ់នជាមួយនឹងសេវាកម្មចម្រុះ ខណៈពេលស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន បានឆ្ពោះទៅកាន់ខេត្តនេះហើយ ដែលធ្វើឲ្យមានលំហូរសាច់ប្រាក់ក្នុងមូលដ្ឋាន ពិសេសចូលចរន្តសេដ្ឋកិច្ចកាន់តែច្រើន”។
លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្នបើគិតពីតម្លៃដីនៅខេត្តនេះ នៅស្ថិតក្នុងតម្លៃធូរថ្លៃល្មម ដែលដីមានចម្ងាយចន្លោះពី៧ ទៅ១០គីឡូម៉ែត្រពីទីរួមខេត្ត មានតម្លៃចន្លោះពី៧ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែដីក្នុងក្រុងសែនមនោរម្យ តំបន់ពាណិជ្ជកម្មក៏មានតម្លៃខ្ទង់ពាន់ដុល្លារអាមេរិកផងដែរ។
រដ្ឋាភិបាលបានជ្រើសរើសខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ និងជាមូលដ្ឋានសំរាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដោយសារខេត្តនេះមានលក្ខខ័ណ្ឌដីល្អ ដីមានជីវជាតិ អាកាសធាតុល្អ អំណោយផលដល់ការដាំដំណាំហូបផ្លែនានា ពិសេសរដ្ឋាភិបាលបាននិងកំពុងអនុញ្ញាត្តឲ្យក្រុមហ៊ុនChina Power វិនិយោគទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះ ជាព្រលានខ្នាតអន្តរជាតិមួយ ដែលអាចចុះចតយន្តហោះ ផ្ទុកអ្នកដំណើរចន្លោះពី១៥០ទៅ២០០នាក់បាន៕