ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ វិស័យទេសចរណ៍នៅកម្ពុជារំពឹងថា នឹងអាចបើកទទួលទេសចរអន្តរជាតិមកទស្សនាកម្ពុជាជាបណ្តើរៗ និងជំហានៗនាពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងការពង្រឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីបង្កើតជាគន្លងប្រក្រតីភាពថ្មី។
សមាគមទេសចរណ៍ធំៗចំនួន៦ បានលើកឡើងដូច្នេះ នៅក្នុងសេចក្តី្កថ្លែងអំណរគុណរួមគ្នា ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយជួយដល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩។
សមាគម និងសហព័ន្ធធំៗក្នុងវិស័យទេសចរណ៍ចំនួន៦ តាមរយៈក្រសួងទេសចរណ៍ បានរួមគ្នាថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការជួយដល់វិស័យទេសចរណ៍បានទាល់ពេលវេលា និងចំគោលដៅ ក្នុងអំលុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជានេះ។
តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន៦ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិកកម្ពុជា (PATACC) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានសម្ដែងនូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
តំណាងសមាគម និងសហព័ន្ធទាំង ៦ ក៏បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការបានទាល់ពេលវេលា និងចំគោលដៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន៩ជុំហើយ ដែលបានជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នេះផងដែរ។
ទន្ទឹមនឹងនោះ ការដាក់អនុវត្តផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បានកំពុងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទាន់ពេលវេលា ហើយបានបង្កើតជាក្តីសង្ឃឹមសម្រាប់ការឆ្ពោះទៅការទទួលទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងពេលខាងមុខ។
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ (ប្រមាណ៩៩.៦៤%) បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀត ក៏បាននិងកំពុងទទួលការចាក់វ៉ាក់សាំងទៅតាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕