វិភាគៈកត្តាលីករសំខាន់ៗចំនួន៩កំពុងក្លាយជាដែកឆក់មួយទាញអ្នកវិនិយោគចិនចូលមកកម្ពុជាសារជាថ្មី

0

ដោយៈយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ពេលវេលាបានដើរទៅមុខ តែពេលវេលានៃទំនាក់ទំនងរវាងមហាមិត្តចិន និងកម្ពុជា មិនមែនជារឿងយប់យន់ សុបិនច្រើននោះទេ ផ្ទុយពីនេះវាបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនខិតចូលគ្នាកាន់តែកៀក និងមិនអាចខ្វះគ្នាបាន។

សមាណចិត្តដ៏កម្រ
ការឈានជើងចូលទឹកដីចិន អំឡុងពេលមិត្តចិនរត់ចោល ចិន ប៉ុន្តែសម្តេចតេជោបានអញ្ជើញទស្សនកិច្ចប្រទេសចិន ដ៏គួរឲ្យភ្ញាក់ផ្អើល បានធ្វើឲ្យពិភពលោក និងមេដឹក​នាំចិនបើកភ្នែកធំៗ បន្ទាប់ពីមើលឃើញសន្តានចិត្តដ៏ស្មោះត្រង់ មោះមុត ជួយគ្នាក្នុងគ្រាលំបាករបស់កម្ពុជា ជាមួយនឹងមិត្តដូចដែកថែប និងមានតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិ​សាស្រ្តនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា “កម្ពុជា ជាប្រទេសតូច ក្រីក្រ ប៉ុន្តែបេះដូងធំ និងមិនក្រទឹកចិត្តឡើយ”។

ជាមួយគ្នានេះ កាលពីពេលថ្មីៗសម្តេចតេជោ បានលើកឡើងក្នុងវេទិកា “ចក្ខុវិស័យអាស៊ី” ដែលបានរៀបចំដោយសារព៌តមាននិកិដ៏ធំមួយរបស់ជប៉ុនថា “បើមិនឲ្យស ម្តេចពឹងចិន តើឲ្យសម្តេចពឹងអ្នកណា ព្រោះកុំតែបានមិត្តចិន កម្ពុជានឹងមិនមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរនោះទេ”។

តាមរយៈសមាណចិត្ត និងទំនាក់ទំនងកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ កម្ពុជានឹងទទូលបានវ៉ាក់សាំង ដែលផ្តល់ជូនពីមិត្តចិនដោយឥតគិតថ្លៃ និងជាការបញ្ជាទិញផងគ្រប់២០លានដូសនៅខែសីហាខាងមុខនេះ ដើម្បីចាក់ជូនពលរដ្ឋកម្ពុជា២០លាននាក់។

កាដូដ៏ធំពីមិត្តចិន
ជាការអបអរសាទរទំនាក់ទំបងកាទូត ដែលបានសាងឡើងយ៉ាងវែងអន្លាយ ជួន​កាលដើរលើផ្លូវរលាក់ផង ជួនកាលដើរលើផ្លូវរលូនផង ទំនាក់ទំនងមិត្តភាពកម្ពុជាចិនបានចាប់ផ្តើមផ្លាស់ប្តូរព៌ណ ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងពីទ្វេរភាគី មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ជាពេលដែលលំហូរវិនិយោគ​ចិនចូលមកកម្ពុជាដូចទឹកបាក់ទំនប់។

“ការកសាងសហគមន៍ពីរ វាសនាតែមួយ” ជាទិសស្លោកដែលបានបង្កើតឡើងដោយសម្តេចតេជោ និងប្រធានាធិបតីស៊ី ជីនពីងបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនក្លាយជាបងប្អូន និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន។
ជាមួយនឹងសារច្បាស់លាស់ ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅឆ្នាំ២០១៦ ប្រធានាធិបតីចិន លោកស៊ី ជិនពីងបានផ្ញើរសារជូនប្រជាជាតិកម្ពុជាយ៉ាងច្បាស់លាស់ថា “ចិននឹងបន្តជួយជម្រុញ ការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា និងចូលរួមលការពារបូរណៈភាពទឹកដីកម្ពុជា”។

ជាមួយនឹងទំនាក់ទំនងកាន់តែល្អប្រសើរ និងរ៉ឹងមាំដូចដែកថែបនេះ ជាលទ្ឋផល​រដ្ឋាភិបាលចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងឆ្នាំ២០២១ និងបានចូលជាធរមាននៅចុងឆ្នាំ២០២១ ដែលជាអំណោយដ៏ធំមួយ ជួយសម្រុញកំនើនសេដ្ឋកិច្ចឲ្យរ៉ឹងមាំ និងធំធាត់កាន់តែខ្លាំង ជាមួយនឹងលំហូរទំនិញកាន់តែច្រើនពីកម្ពុជាទៅកាន់ប្រទេសចិន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្ម កាន់តែធំជាមួយប្រទេសចិន ពិសេសកម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើន ដើម្បីមកផលិតទំនិញនាំទៅកាន់ទីផ្សាររបស់ចិនដោយរួចពន្ឋ។

លោកបន្តថា “បើសិនជាកម្ពុជាធ្វើបានល្អ កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតដ៏ធំ ដើម្បីនាំចេញទៅកាន់ទីផ្សារអាស៊ានផងដែរ”។

សន្សើមប្តូររដូវ
ដំណក់ព្រិលនារដូវផ្ការីក បានធ្វើឲ្យសករាជចិននាសតវត្សរ៍២១ បានផ្លាស់ប្តូរយ៉ាង​សម្បើម មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្ស ដែលធ្លាប់ដេកលង់លក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើ​យប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេ​សដល់តំបន់ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះ វិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ ។ កិ្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី”និងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព
ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ និងលន្លង់លន្លោចដូចសម្លេងថ្ងួចថ្ងូររបស់ចិន ហើ​យគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង​)ឡើងវិញ។

នូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាព​របស់ខ្លួន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សា​អំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សាអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះ​កំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។ ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី “សុបិនចិន” ឬChina Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ “សករាជថ្មី”។

ភូមិសាស្រ្តនយោបាយ
ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណា​ចលេខ១។

ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។ ទី៤ ចិន ត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួនកាន់តែឆាប់រហ័ស។

ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា “មិត្តដែកថែប”ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោ​ល​នយោបាយរបស់ខ្លួនផង។
មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?
វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំចម្លើយ ហើយភាពសំអប់ចិន ទំនងជា រសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺCovid-19ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ “ប្រទេសពីរវាសនាតែមួយ” បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ “ជប់” ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន។

មហាយក្សចិននឹងត្រលប់មកវិញ
ផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។
ហេតុអីបានជាចិនត្រូវត្រលប់មកវិញ? ចម្លើយគឺ ទី១ ចិននៅតែត្រូវការកម្ពុជា ដោយសារកម្ពុជាជាមិត្តគួរឲ្យទុក​ចិត្តបាន និងជាមិត្តដែកថែបរបស់ខ្លួន ទី២ ក​ម្ពុជា ជាសមាជិកមួយក្នុងចំណោមបណ្តាប្រ ទេសមាជិកអាស៊ានទាំង១០ ដែលអាចការពារផលប្រយោ​ជន៍ នយោបាយរបស់ចិនក្នុងតំបន់នេះ ព្រោះអាស៊ានមិនមែនជាខ្លាក្រដាសនោះទេ ហើ​យ​​អាស៊ានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ផ្នែកភូមិសាស្រ្តនយោបាយផង សេដ្ឋ​កិច្ចផង។ ទី៣ កម្ពុជាជាមហាមិត្ត ដែលបានបដិសេធឬធ្វើអនុប្បវាទ លើសេចក្តីថ្លែងការ​ណ៍​របស់អាស៊ាន ខណៈតំបន់នេះបាននិងកំពុងប្រទាញប្រទង់ យកឥទ្ឋិពលពីអាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ មហាអំណាចអាមេរិក និងប្រទេសក្នុងតំប​ន់ដទៃទៀត បានយកកម្ពុជាជាសមរភូមិ ដើម្បីវាយប្រហារចិនលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមានកម្ពុជាសេចក្តីថ្លែងការណ៍ត្រូវបានជាប់គាំង ដោយសារកម្ពុជាមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ (អាស៊ានចេញសេចក្តីថ្លែងការណ៍រួចទៅបាន ទា​ល់តែប្រទេសសមាជិកទាំងអស់ចុះហត្ថលេខា)។ ទី៥ ផ្អែកលើបទពិសោធន៍នេះ ចិនបាន​ជ្រើសរើសកម្ពុជាជាមិត្តដែកថែប និងអាចការពារផលប្រយោជន៍គ្នាទៅវិញទៅមក។

ទី៦ ចិនឈរជើងនៅកម្ពុជា មិនត្រឹមតែជាការការពារកម្ពុជានោះទេ ប៉ុន្តែក៏ដើម្បីទប់ឥទ្ឋិពលវៀតណាម នៅក្នុងតំបន់ឥណ្ឌូចិន ដែលវៀតណាមនៅតែមានគោលដៅលេបយកឥណ្ឌូចិន ប៉ុន្តែចិននឹងមិនអនុញ្ញាត្តឲ្យប្រទេសនេះ សម្រេចមហិច្ឆតារបស់ខ្លួនបានទេ។

នយោបាយកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ
បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញនយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបា​យ ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

គោលនយោបាយនិងផែនការយុទ្ឋសាស្រ្តច្បាស់លាស់
គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ បុរសខ្លាំងរូបនេះមិនអាចឈរជើងក្នុងអំណាចដ៏យូរបែបនេះឡើយ។

ប្រសិនបើយើងមើល ទៅលើទំនាក់ទំនងជាមួយចិនវិញ ក្រោមការដឹកនាំរបស់បុរសខ្លាំងរូបនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងពង្រឹ​ង និងពង្រីកជាបន្តបន្ទាប់ ដែលទំនាក់ទំនងនេះបាននាំផលប្រយោជន៍ ដ៏មហាសាលសំរាប់ជាតិសាសន៍ ដែលបាននិងកំពុងរស់នៅក្នុងស្នាមញញឹមជាថ្មី និងម្លប់នៃសន្តិភាពនា​ពេលបច្ចុប្បន្ន។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិន​ របស់សម្តេចតេជោកាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា “កម្ពុជាជាមិត្តស្លាប់រស់របស់ចិន” ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេ​ជោជា “បុរសង្ហារជាងគេក្នុងលោក” ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។

ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងទំនាក់ទំនងអន្តរជាតិ និងទ្វេរភាគី ប្រៀបបីដូចជាអ្នកលេងពិន ដែលកេសមិនត្រូវខ្ទង់នាអតីតៈកាល ប៉ុន្តែបច្ចុប្បន្នទាំងអ្នកលេងពិន និងទ្របានប្រគុំរួមគ្នា ​និងអាចសរសេរនូវបទភ្លេងថ្មីមួយ ដែលរសនិយមពីរអាចបញ្ចូលគ្នាក្នុងសាច់ភ្លេងតែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here