ដោយៈសុខុម
សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃពុធ ទី១៤ កក្កដា ថា ខ្លួននឹងបង្កើនការវិនិយោគរបស់ខ្លួន លើគម្រោងថ្មីៗឱ្យឈានដល់ទំហំ១៩១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ បើធៀបនឹង១៣៩,៥ពាន់លានដុល្លារ ដែលខ្លួនបានគ្រោងទុកមុននេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times ឱ្យដឹងថា ការបង្កើនទំហំវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងបង្កើតប្រភពកំណើនថ្មីៗ និងដើម្បីត្រៀមលក្ខណៈឱ្យកាន់តែល្អប្រសើរ សម្រាប់ពេលក្រោយវិបត្តិកូវីដ-១៩ បញ្ចប់។
លោកប្រធានាធិបតី មូន ចេអ៊ីន (Moon Jae-in) បានប្រកាសផែនការនេះដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ធំមហិមា Korea New Deal 2.0 Initiative របស់ប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ី និងជាសេដ្ឋកិច្ចធំបំផុតទី១០ ក្នុងពិភពលោក អំឡុងកិច្ចប្រជុំជាមួយទីប្រឹក្សាគោល នយោបាយសេដ្ឋកិច្ចកំពូលៗនៅវិមានប្រធានាធិបតី Cheong Wa Dae កាលពីថ្ងៃអង្គារ ទី១៣ កក្កដា។
គំនិតផ្តួចផ្តើមថ្មី ដែលមានភាពល្អប្រសើរជាងមុននេះ នឹងផ្តោតលើការជំរុញការអភិវឌ្ឍនគម្រោងឌីជីថល និងគម្រោងបៃតង ខណៈពង្រីកកម្មវិធីថែទាំកុមារ និងជួយពលរដ្ឋវ័យក្មេង ដែលមានប្រាក់ចំណូលទាបឱ្យទទួលបានលំនៅដ្ឋានផ្ទាល់ខ្លួន។
ប្រធានាធិបតីរូបនេះថ្លែងថា “គំនិតផ្ដួចផ្ដើមដែលត្រូវបានកែលម្អឱ្យប្រសើរជាងមុននេះ នឹងផ្ដោតជាអាទិភាពលើកំណើនឌីជីថល កំណើនបៃតង និងកំណើនប្រកបដោយនិរន្តរភាព និងការពង្រឹងកម្មវិធីផ្ដល់កញ្ចប់ជំនួយសម្រាប់ពលរដ្ឋងាយរងគ្រោះ”។
លោកលើកឡើងទៀតថា “គំនិតផ្ដួចផ្ដើម Korean New Deal នឹងបន្តវិវឌ្ឍខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការតាមសម័យកាលជាក់ស្ដែង។ យើងអាចប្រែក្លាយវិបត្តិទៅជាឱកាស ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធ និងមូលដ្ឋានដែលបង្កគ្រោះថ្នាក់”។លោកបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយកែប្រែមុខមាត់ប្រទេសជាតិ តាមរយៈការប្រែក្លាយវិបត្តិទៅជាឱកាសសម្រាប់ថ្ងៃអនាគត”៕