រដ្ឋាភិបាលនិងWFPរួមគ្នាបង្កើតបណ្តាញធុរកិច្ចថ្មីមួយ

0

ដោយៈ ប៊ី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅពីថ្ងៃទី១៥ ខែកក្កដា បានប្រកាសដាក់ឱ្យដំណើរការបណ្តាញធុរកិច្ចថ្មីមួយ ដោយប្រមូលចងក្រងអាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភឱ្យបានកាន់តែប្រសើរឡើងនៅកម្ពុជា។

បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា(SBNCambodia)នេះជាគំនិតផ្តួចផ្តើមថ្មីមួយនេះដែលប្រមូលផ្ដុំនូវអាជីវកម្មនៅក្នុងវិស័យស្បៀងអាហារដែលមានទស្សនវិស័យវែងឆ្ងាយសម្រាប់អនាគត ដើម្បីពន្លឿនវឌ្ឍនភាព អាហារូបត្ថម្ភនៅទូទាំងប្រទេសកម្ពុជា។

បណ្តាញធុរកិច្ចនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីជំរុញកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមករវាងវិស័យឯកជន សមាគមធុរកិច្ច រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែក ក្នុងការជំរុញឱ្យមានរបបអាហារសុខភាព និងការអនុវត្តទម្លាប់សុខភាពប្រកបដោយនិរន្តរភាព។

អាជីវកម្មចំនួន២០បានចុះឈ្មោះជាមួយបណ្ដាញធុរកិច្ចក្នុងនាមជាសមាជិកស្ថាបនិកនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា។អ្នកចូលរួមចំនួន ១១៥ នាក់ មកពីវិស័យឯកជន សមាគមធុរកិច្ច សភាពាណិជ្ជកម្ម និងសង្គមស៊ីវិលបានចូលរួមក្នុងពិធីបើកសម្ភោធនេះ។

អ្នកចូលរួមបានពិភាក្សាអំពីការចូលរួមរបស់វិស័យឯកជនក្នុងការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ និង លើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរ ដោយអនុវត្តន៍នូវសសរស្តម្ភយុទ្ធសាស្រ្តទាំង៥ នៃចក្ខុវិស័យរបស់បណ្ដាញធុរកិច្ច (SBN)។ សសរស្តម្ភយុទ្ធសាស្រ្តទាំង៥មានដូចជា ការបង្កើតឡើងនូវបណ្តាញធុរកិច្ចមួយដ៏រឹងមាំ លើកកម្ពស់ការយល់ដឹងនិងតម្រូវការអាហារូបត្ថម្ភ បង្កើនការផ្គត់ផ្គង់អាហារដែលសម្បូរជីវជាតិនិងអាហារដែលមានបញ្ចូលមីក្រូសារជាតិ ពង្រឹងបរិយាកាសអំណោយផលសម្រាប់លើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភនៅក្នុងសហគមន៍ និងនៅកន្លែងធ្វើការ។

ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ បញ្ហាកង្វះអាហារូបត្ថម្ភនិងកង្វះមីក្រូសារជាតិនៅតែជាបន្ទុកធ្ងន់មួយ។ កុមារអាយុក្រោមប្រាំឆ្នាំចំនួន១០% ស្គមស្គាំង និង៣២%ក្រិសក្រិន នៅឆ្នាំ២០១៤។

លោកសុខ ស៊ីឡូអគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានមានប្រសាសន៍ថា “យើងមានមោទនភាពចំពោះវឌ្ឍនភាពក្នុងអំឡុងទសវត្សកន្លងមកនេះ ក្នុងការកែលម្អស្ថានភាពអាហារូបត្ថម្ភ ជាពិសេសសម្រាប់កុមារ។

លោកបានថ្លែងបន្តថា “ទោះយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើ ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភ។ អាជីវកម្មក្នុងស្រុក គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់គុណភាពអាហារសម្រាប់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថា ការបើកឱ្យដំណើរការនូវបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជានេះ រួមជាមួយនឹងការគាំទ្រជាបន្តបន្ទាប់របស់យើងទៅលើវិស័យឯកជន នឹងសរបញ្ជាក់ឱ្យឃើញច្បាស់នូវសារៈសំខាន់និងតម្លៃនៃតួនាទីរបស់អាជីវកម្មក្នុងស្រុក។”

ការបង្កើតបណ្ដាញធុរកិច្ច (SBN) នៅកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់ ក្នុងការគាំទ្រដល់ចលនាបង្កើនអាហារូបត្ថម្ភសកល ដែលមានគោលដៅលុបបំបាត់បញ្ហាអាហារូបត្ថម្ភទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ចលនានេះទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការកែលម្អអាហារូបត្ថម្ភ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកស្រីក្លែរ កូណាន់តំណាងរបស់កម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតនូវបណ្តាញធុរកិច្ចនេះ និងទន្ទឹងការសហការជាមួយសមាជិកស្ថាបនិកទាំងចាស់ទាំងថ្មីនាពេលអនាគត។”

លោកស្រី បានថ្លែងបន្តថា “ពួកយើងជឿជាក់ថា ការកែលម្អសមាសធាតុអាហារូបត្ថម្ភផលិតផលអាហារគឺជាជម្រើសឈ្នះឈ្នះ សម្រាប់អតិថិជនផង និងសម្រាប់អាជីវកម្មផង ពីព្រោះអាជីវកម្មណាដែលផ្តល់នូវអាហារូបត្ថម្ភល្អ នឹងនាំឱ្យអាជីវកម្មនោះមានលក្ខណៈពិសេសប្លែកពីអាជីវកម្មដទៃ ដូច្នេះនាំឱ្យមានកំណើននៃការលក់និងប្រាក់ចំណេញ។”

លោកលាង ឡេងម្ចាស់ផលិតកម្មត្រីនិងទឹកស៊ីអ៊ីវ និងជាសមាជិកស្ថាបនិករបស់បណ្ដាញធុរកិច្ចSBNកម្ពុជាបានមានមតិថា៖ “ខ្ញុំជឿជាក់ថា បណ្ដាញធុរកិច្ចSBN នឹងបង្កើតនូវគំនិតនិងទំនាក់ទំនងថ្មីៗជាច្រើន ក៏ដូចជាអប់រំដល់សាធារណជនអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ។ កត្តានេះនឹងបង្កើននូវតម្រូវការខ្ពស់ជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here