ដោយៈ ប៊ី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញគម្រោងអភិវឌ្ឍន៍ផ្លូវ និងស្ពានដ៏វែងជាងគេនៅកម្ពុជា ដោយឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំ តាមរយៈការដាក់សំណើទៅរដ្ឋាភិបាលចិន ដើម្បីស្នើឥណទានក្នុងការសាងសង់ផ្លូវ និងស្ពានដ៏វែងជាងគេនេះ។
លោកហេង រត្នពិសិដ្ឋអគ្គនាយកសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ចូន ត្រូវបានដកស្រង់សម្តីពីកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្មីៗនេះ ដោយលោកបានលើកឡើងថា តាមរយៈក្រសួងសាធារណការតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្មីៗនេះបានដាក់សំណើរួចហើយទៅរដ្ឋាភិបាលចិន។
លោកបានថ្លែងបន្តថា សំណើនេះគឺដើម្បីស្នើឥណទានពីចិនមកសាងសង់ផ្លូវថ្មី និងស្ពានដែលត្រូវចំណាយទឹកប្រាក់២០០លានដុល្លារ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ទោះជាយ៉ាងណាលោក ហេង រត្នពិសិដ្ឋ បានអះអាងថា សំណើនេះមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលចិនទេ ខណៈកម្ពុជាក៏កំពុងទន្ទឹងរង់ចាំចម្លើយនេះ ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
លោកបានបញ្ជាក់ថា “យើងកំពុងតែដាក់ស្នើសុំឥណទានពីរដ្ឋាភិបាលចិន ហើយយើងមិនទាន់បានចុះកិច្ចសន្យាលើឥណទានទាំងនេះទេ។ សំណើនេះ គឺស្នើសុំធ្វើផ្លូវថ្មីជាមួយស្ពានឆ្លងកាត់ទន្លេសាបនៅខេត្តកំពង់ឆ្នាំងនេះ”។
តាមគម្រោងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំនេះនឹងត្រូវសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវដែលមានប្រវែង៣ ៩០០ម៉ែត្រ។ រីឯការសាងសង់ផ្លូវគឺមានប្រវែង ៥៧,៣ គីឡូម៉ែត្រ ដែលនឹងត្រូវសាងសង់ចាប់ពីស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំងទៅស្រុកស្ទឹងសែនក្នុងខេត្តកំពង់ធំ។
នៅក្នុងឱកាសបើកពិធី បុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូន ជនរួមជាតិទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋនៃខេត្តកំពង់ឆ្នាំងទាំងអស់ ឱ្យបានដឹងអំពីគម្រោងសាងសង់ផ្លូវប្រវែងជាង៥៧គីឡូម៉ែត្រ ពីស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃខេត្តកំពង់ធំ។
ជាមួយគ្នានេះដែរ ក៏នឹងមានសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំ ដែលមានប្រវែងរហូតដល់ទៅ៣៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់ស្ពាន២បន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលកុំឱ្យមានផលប៉ះពាល់ ទៅដល់ចរាចរណ៍ផ្លូវទឹក ក៏ដូចជាចរាចរណ៍ត្រី។ គម្រោងនេះគឺ បានសិក្សារួចហើយ ហើយមិនមានផលប៉ះពាល់ណាមួយដល់ធនធានធម្មជាតិ បញ្ហាបង្វែរចរន្តទឹក និង ការបំលាស់ទីរបស់ត្រីនោះទេ៕