អាជ្ញាធរខេត្តកំពតបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់និងមោឃភាពចំពោះការចុះហត្ថលេខាផ្ទេរសិទ្ធិកាន់កាប់ដីរដ្ឋ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អភិបាលខេត្តកំពតលោកជាយ តាយបានបញ្ជាទៅអភិបាលក្រុងស្រុកទាំងអស់ក្នុងខេត្តកំពតឱ្យបញ្ឈប់ជាបន្ទាន់និងមោឃភាពនូវរាល់ការចុះហត្ថលេខាឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀអភិរក្សជីវៈចម្រុះ

យោងតាមលិខិតរបស់លោកជា តាយអភិបាលខេត្តកំពតផ្ញើជូនអភិបាលក្រុងស្រុក ក្នុងខេត្តកំពតឱ្យដឹងកាលពីថ្មីៗនេះថា តាមរយៈក្រសួងបរិស្ថាន បានសង្កេតឃើញថា រដ្ឋបាលឃុំ សង្កាត់មួយចំនួននៅតែបន្តធ្វើការចុះហត្ថលេខាឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅលើដីដែលបានកាប់ឆ្ការរុករាន ទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ដែលស្ថិតនៅតំបន់ការពារធម្មជាតិ និងរបៀងអភរក្សជីវៈចម្រុះ ដែលទង្វើទាំងនេះ ជាអំពើផ្ទុយនឹងច្បាប់។

ក្នុងលិខិតរបស់លោកជាវ តាយបានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់និងបដិសេធចោលនូវអនុភាពនានារបស់ឯកសាររដ្ឋបាលខេត្តស្នើឱ្យអភិបាលក្រុងស្រុកចាត់វិធានការមួយចំនួនដោយៈ

១. បដិសេធនិងមោឃភាព រាល់លិខិត និងឯកសារទាំងឡាយណាដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ សង្កាត់បានចុះហត្ថលេខាបញ្ជាក់ពេលកន្លងមក ។

២. សូមណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការអារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន។

៣. ផ្ដល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះរដ្ឋបាលឃុំ សង្កាត់ណាដែលនៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ជាអាទិ៍នៅលើដីដែលបានកាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទិ្ធក្នុងបំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុក។

តាមការបញ្ជាក់ពីភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតបានឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី សកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តកំពតនៅតែបន្តមានសកម្មភាពទិញលក់ជាបន្តបន្ទាប់ជាពិសេសប្រភេទដីសម្រាប់សង់ផ្ទះលំហែកាយនៅតំបន់ក្រុងថ្មីនៃខេត្តកំពតគឺក្រុងបូកគោ។ មិនតែប៉ុន្តែសកម្មភាព នៃការអភិវឌ្ឍសំណង់នៅក្នុងខេត្តនេះ ក៏នៅតែមានតែដំណើរជាធម្មតាផងដែរនៅក្នុងវិបត្តិនៃជំងឺសកលមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here