ផ្លូវជាតិលេខ៣នឹងជំរុញឱ្យការវិនិយោគអចលនទ្រព្យនៅខេត្តកំពតនិងកែបកើនឡើងមួយកម្រិតទៀត

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្លូវជាតិលេខ៣ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពតនិងកែប ហើយផ្លូវនេះ ក៏បានជួសជុលឡើងវិញធំទូលាយងាយស្រួលធ្វើដំណើរផងដែរ ហើយរហូតមកដល់នេះផ្លូវជាតិលេខ៣ ក៏បានជួសជុលសាងសង់ថ្មីស្ទើរតែរួចរាល់១០០ភាគរយផងដែរ។

អ្នកជំនាញអចលនវត្ថុមើលឃើញថា ការជួសជុល និងសាងសង់ឡើងវិញនៃផ្លូវជាតិលេខពីភ្នំពេញទៅកាន់ខេត្តកំពតនេះ នឹងជំរុញសក្ដានុពលអចលនទ្រព្យបន្ថែមមួយកម្រិតទៀត ជាពិសេសការទាក់ទាញ នូវវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្ននេះ វិនិយោគិនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគក្នុងខេត្តកំពតនិងកែបផងដែរ។ ដូច្នេះ វានឹងក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជំរុញវិស័យអចលនទ្រព្យនៅខេត្តកំពតនិងកែបកាន់តែមានសក្ដានុពលបន្ថែមទៀត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា នៅពេលផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពតសាងសង់ស្អាតរួចរាល់ ភ្ញៀវទេសចរ ឬអ្នកវិនិយោគពីភ្នំពេញ ចង់ទៅកំពត គឺមានភាពងាយស្រួលណាស់ ដោយពួកគេអាចធ្វើដំណើរវិលល្ងាចបានដោយមិនចាំបាច់សម្រាកនៅកំពតក៏បានដែរ។

លោកបានបន្តថា នៅពេលដែលមានផ្លូវស្រួលបែបនេះ ទេសចរជាតិ និងអន្តរជាតិនឹងទៅលេង និងសម្រាកនៅខេត្តកំពតកាន់តែច្រើន ហើយពេលនេះតម្រូវការផ្ទះសំណាក់សណ្ឋាគារក៏កើនឡើង។

លោកបានថ្លែងបន្តថា មិនតែប៉ុណ្ណោះ ការអភិវឌ្ឍលើលំនៅឋានលំហែកាយនៅក្នុងខេត្តកំពត នឹងកាន់តែមានសក្ដានុពលនៅពេលអនាគតផងដែរ ខណៈបច្ចុប្បន្ននេះ លំនៅឋានប្រភេទនេះ ក៏បាននិងកំពុងអភិវឌ្ឍន៍ជាបណ្ដើរៗហើយ ហើយនឹងរំពឹងថានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងឡើងបន្ថែមទៀតនៅពេលអនាគតនេះ។

លោកកែវ សុជាតិភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតក៏បានឱ្យដឹងថា កំពតពេលនេះនៅតែមានការអភិវឌ្ឍជាបន្តបន្ទាប់ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមកពីភ្នំពេញ និងតំបន់ផ្សេងៗ ក្នុងនោះដែរ គឺឃើញមានគម្រោងធំៗមួយចំនួនក៏កំពុងលេចឡើងជាបណ្ដើរៗ នៅក្នុងខេត្តកំពត ដែលអាចជាធ្នាក់សម្រាប់ទាក់ទាញវិនិយោគិនដទៃទៀតចូលមកក្នុងខេត្តកំពត។

លោកបានឱ្យដឹងទៀតថា អ្វីដែលពិសេសនោះ ខេត្តកំពតក៏បានបង្កើតក្រុងថ្មីមួយទៀត ដែលធ្វើឱ្យសក្ដានុពលនៃការអភិវឌ្ឍក្រុងថ្មី នៃខេត្តកំពត ក៏កាន់តែទាក់ទាញចំណាប់អារម្មណ៍ដល់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here