ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យពិភពលោក JLL ព្រមានថា ទីផ្សារអចលនទ្រព្យថៃអាចដាំក្បាលចុះរយៈពេលវែង

0

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ JLL Thailand ព្រមានថា គ្រប់វិស័យអចលនទ្រព្យទាំងអស់ លើកលែងតែទីផ្សារឧស្សាហកម្ម និងភ័ស្តុភារគួរតែត្រៀមចិត្តទទួលយកការធ្លាក់ចុះ នៃទីផ្សាររយៈពេលវែងយ៉ាងហោចណាស់១៨ខែ បន្ទាប់ពីសេដ្ឋកិច្ចស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី២១ កក្កដា នេះ។

លោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុន JLL Thailand ដែលជាសាខាមួយ នៃក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យពិភពលោក JLL បានលើកឡើងថា ទីផ្សារការិយាល័យ ខុនដូ សណ្ឋាគារ និងទីផ្សារលក់រាយនៅទីក្រុងបាងកក ប្រទេសថៃ កំពុងប្រឈមការធ្លាក់ចុះ ដូចជា ការធ្លាក់ចុះថ្លៃឈ្នួល តម្លៃ និងអត្រាជួលជាដើម ប៉ុន្តែទីផ្សារឧស្សាហកម្ម ភ័ស្តុភារ និងឃ្លាំងកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកស្រីបន្ថែមថា “ថ្លៃឈ្នួល និងអត្រាជួលសម្រាប់ឧស្សាហកម្ម ភ័ស្តុភារ និងឃ្លាំង កំពុងមានសន្ទុះកើនឡើង ដោយសារមានតម្រូវការខ្លាំងពីអាជីវកម្ម E-commerce និងអនឡាញ ដែលទទួលបានកំណើនគួរឱ្យកត់សម្គាល់ អំឡុងវិបត្តិកូវីដ-១៩ ឬចាប់តាំងពីខែ កុម្ភៈ ឆ្នាំ២០២០ មក”។

ក្រុមហ៊ុន JLL Thailand ព្យាករថា ទីផ្សារអចលនទ្រព្យនឹងចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលពី១៨ខែទៅ២៤ ខែ បន្ទាប់ពីសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ដែលអាចនឹងកើតឡើងនៅត្រីមាសទី២ ឆ្នាំ២០២២ បើលឿនបំផុត។

ទោះជាយ៉ាងណា ប្រសិនបើរដ្ឋាភិបាលដាក់ចេញវិធានការសង្គ្រោះ សម្រាប់ទីផ្សារអចលនទ្រព្យ តម្រូវការអចលនទ្រព្យនឹងកើនឡើងខ្ពស់ជាងនេះ។

ជាឧទាហរណ៍ ប្រាក់កម្ចីទិញផ្ទះដែលមានការប្រាក់ទាប ឬការកើនឡើងនូវចំនួនជនបរទេស ដែលមានសិទ្ធិកាន់កាប់ជាម្ចាស់កម្មសិទ្ធិលើខុនដូ ពីចំនួនអតិបរិមា៤៩%នាពេលបច្ចុប្បន្នមិនឱ្យលើសពី៧៥% ឬជនបរទេសដែលមានសិទ្ធិកាន់កាប់ ជាម្ចាស់កម្មសិទ្ធិលើផ្ទះកម្ពស់ទាប ដែលមានត្រឹមពីរបីជាន់ដោយគ្មានសិទ្ធិបោះឆ្នោត គឺអាចជួយទីផ្សារនេះបាន។

លោកស្រី Suphin Mechuchep ថ្លែងថា ចំនួនខុនដូ ដែលមិនទាន់លក់ចេញនៅទីក្រុងបាងកក នឹងត្រូវការពេលយ៉ាងតិច១២ខែ ទៅ១៨ខែដើម្បីស្រូបទាញអ្នកទិញ។ ចាប់តាំងពីឆ្នាំ២០១៨ មានខុនដូសរុបប្រមាណ១២.៧០០យូនីតត្រូវបានជាប់គាំង។

ក្នុងចំណោមនោះ ផ្ទះចំនួន៥.៩០០យូនីតត្រូវបានលុបចោល ចំនួន២,៥០០យូនីតត្រូវបានបង្កក ហើយចំនួន៤.៣០០យូនីតមិនទាន់បានចាប់ផ្ដើម។ កត្តានេះបាននាំឱ្យចំនួនយូនីតដែលទើបបញ្ចេញលក់ថ្មីៗមានកម្រិត។

ក្នុងពេលជាមួយគ្នានេះ តម្លៃខុនដូជាមធ្យម សម្រាប់គ្រប់កមម្រិតបានធ្លាក់ចុះមកនៅត្រឹម១០១.៩០០បាត (៣.១០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ ខុនដូនៅតាមតំបន់ដីមានហាងឆេងខ្ពស់ ដូចជា សង្កាត់ពាណិជ្ជកម្មកណ្ដាលក្រុងជាដើម តម្លៃខុនដូក៏បានធ្លាក់ចុះដែរ មកនៅត្រឹម២១៨.០០០បាត (៦.៦៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

លោកស្រីSuphin Mechuchep លើកឡើងថា “ឥឡូវនេះគឺជាទីផ្សាររបស់អ្នកទិញចុងក្រោយ (end-buyer) ទាំងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ការវិនិយោគរយៈពេលវែង”។លោកស្រីបន្តថា “ប្រសិនបើយើងអាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន (ចំនួ​នករណីឆ្លងខ្ពស់) បាននោះ ទីផ្សារនឹងហក់ឡើងយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា នៅពេលនោះអ្នកទិញ ប្រហែលជាខកឱកាសទិញក្នុងតម្លៃល្អហើយ”។

លោកស្រីបានបន្ថែមថា ការិយាល័យដែលមានហាងឆេងខ្ពស់ ទំនងជាធ្លាក់ចុះថ្លៃឈ្នួលរហូតដល់៩០%សម្រាប់ការផ្គត់ផ្គង់ថ្មីៗ ឬសរុបជិត២,៣លានម៉ែត្រការ៉េ ដែលនឹងត្រូវដាក់បន្ថែម នៅក្នុងទីផ្សារនៅចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ អត្រាការិយាល័យគ្រប់កម្រិត ដែលមានសម្រាប់ដាក់ជួលបានកើនឡើង២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្វើឱ្យអត្រាការិយាល័យទំនេរកើនដល់១១,៩% បើប្រៀបធៀបនឹងអត្រាក្រោម១០% ក្នុងរយៈពេល១០ឆ្នាំមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here