ភ្នំពេញៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ អះអាងថា ប្រសិនបើកំណើនសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញ នោះវិស័យសាងសង់និងអចលនទ្រព្យនៅកម្ពុជានឹងស្ទុះងើបឡើងវិញលឿន ខណៈតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាប បើប្រៀបធៀបនឹងប្រទេសជិតខាង។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិតគី សេរីវឌ្ឍន៍បានថ្លែងនៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១ នេះថា វិបត្តិនៃជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងការធ្លាក់ចុះនៃវិស័យសំណង់នេះ ជាពិសេសការធ្លាក់ចុះនៃគម្រោងសាងសង់ ប្រភេទសំណង់លំនៅដ្ឋាន។
លោកបណ្ឌិតបានថ្លែងបន្តថា ផលប៉ះពាល់នេះបណ្តាលមកពីការបាត់បង់ចំណូលអ្នកប្រើប្រាស់ ដែលកំពុងធ្វើឲ្យវិស័យអចលនទ្រព្យ និងគម្រោងសាងសង់លំនៅដ្ឋាន រួមជាមួយគម្រោងផ្សេងៗ កំពុងជួបប្រទះនៃការធ្លាក់ចុះនៅក្នុងការរាលដាលនៃជម្ងឺកូវីដ-១៩។
លោកបានថ្លែងដូច្នេះថា “ប៉ុន្តែវិស័យអចលនទ្រព្យ និងការសាងសង់ នឹងអាចងើបឡើងលឿនមកវិញ ប្រសិនបើសេដ្ឋកិច្ចយើងមានកំណើនមកវិញ ព្រោះនៅកម្ពុជា ថ្លៃនៃវិស័យអចលនទ្រព្យនៅមានកម្រិតទាប ដែលអាចនឹងរីកលូតលាស់ឡើងបន្តទៀតក្នុងកំណើនល្អ បើធៀបទៅនឹងប្រទេសជិតខាង”។
លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងថា ជុំវិញនឹងការលក់ដូរលើវិស័យអចលនទ្រព្យ និងសំណង់វិញ ក្នុងនោះចំពោះការលក់ខុនដូ បានថមថយចុះ ព្រោះការលក់លើផ្នែកនេះ មួយចំនួនបានពឹងផ្អែកលើភ្ញៀវបរទេស និងមួយផ្នែកទៀតទាក់ទិននឹងប្រាក់កម្ចីពីធនាគារសម្រាប់អតិថិជនក្នុងស្រុក។
ដោយឡែក លោកបានថ្លែងបន្តថា ការលក់ដូរផ្នែកលំនៅដ្ឋានវិញ គឺនៅបន្តមានចរន្តទិញ-លក់ តែការទិញលក់នេះគឺមិនដូចពេលមុនៗនោះឡើយ តែទោះបីយ៉ាងណា លោកក៏រំពឹងទុកថា វិស័យនេះនឹងងើបឡើងមកវិញផងដែរ ក្នុងនោះការងើបឡើងវិញនេះគឺមិនស្របគ្នានោះឡើយ ដោយវាអាស្រ័យទៅលើលំហូរសេដ្ឋកិច្ចនៃតំបន់នីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ចំនួនគម្រោងទទួលបានការសាងសង់ ដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុបមានចំនួន១៨២៩គម្រោង បានធ្លាក់ចុះ ២៧៨ គម្រោង ក្នុងនោះប្រភេទសំណង់លំនៅដ្ឋានមាន១ ៦០៧គម្រោង ស្មើជិត៨៨% នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ១៣៩ គម្រោង និងតម្លៃគម្រោងសរុបមាន២ ៣៤៩ លានដុល្លារ បានធ្លាក់ចុះជាង៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕