អ្នកជំនាញអចលនទ្រព្យៈទំនុកចិត្តក្រោយការបោះឆ្នោតនឹងទាក់ទាញអ្នកវិនិយោគ មកកម្ពុជាកាន់តែច្រើន

0

ភ្នំពេញ : អ្នកជំនាញអចលនទ្រព្យនៃក្រុមហ៊ុនអន្តរជាតិនានា បានសម្តែងសុទិដ្ឋិនិ​យមថា កម្ពុជានឹងទាក់ទាញអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនថែមទៀត ក្រោយការបោះឆ្នោតបានបញ្ចប់ ដែលមានបរិយាកាសល្អប្រសើរ និងស្ថិរភាពនយោបាយ។


អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ កក្កដា នេះថា មុននិងក្រោយការបោះឆ្នោត បរិយា​កាសវិនិយោគ និងសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យ មិនរងផលប៉ះពាល់ទេ ហើ​យបញ្ហានយោបាយ មិនជះឥទ្ឋិពលដល់វិស័យនេះឡើយ ដោយសារអ្នកវិនិយោគមកវិនិ​យោគនៅកម្ពុជាភាគច្រើន ជាអ្នកវិនិយោគមកពីតំបន់អាស៊ី។
អ្នកនាងបន្តថា “ខ្ញុំគិតថាក្រោយការបោះឆ្នោតបញ្ចប់ អ្វីៗនឹងមានភាពល្អប្រសើរជា​ងមុន ខណៈទីផ្សារក្នុងក្រុងកំពុងទាញយកការផ្គត់ផ្គង់មកប្រើប្រាស់វិញ ហើយទីផ្សារអច​លទ្រព្យជាយក្រុងរីកចម្រើន ដោយសារការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ឋ”។


ជាមួយគ្នានេះ អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodiaបានលើកឡើងស្រដៀងគ្នាថា អ្វីៗនឹងល្អប្រសើរជាងមុន ដោយសារការបោះ​ឆ្នោតនេះបានបង្ហាញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត។ អ្នកនាងបន្តថា ទាំងមុនការបោះឆ្នោត កំឡុងការបោះឆ្នោត និងក្រោយការបោះឆ្នោត យើងឃើញថាស្ថានភាពនៃការទិញលក់អចលនទ្រព្យ នៅតែកើនឡើង។
អ្នកនាងបន្តថា “សន្តិភាព ស្ថិរភាពនយោបាយនេះហើយ ជាអ្វីដែលពួកគេមើលឃើញ ជាអ្វីដែលអ្នកវិនិយោគកាន់តែមានទំនុកចិត្ត ហើយខ្ញុំគិតថាអ្នកវិនិយោគអន្តរជាតិ នឹងចូលមកវិនិយោគកាន់តែច្រើននៅកម្ពុជា”។
អគ្គនាយកក្រុមហ៊ុនគេហទំព័រ Realestate.com.kh លោក Tom O”Sullivan បានថ្លែងថា លោកគិតថាក្រោយបញ្ចប់ការបោះឆ្នោត ​និងគិតពីពេលនេះដល់ដំណាច់ឆ្នាំនេះ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងកើនឡើងនិងមានភាពប្រសើរឡើងកាន់តែខ្លាំង។លោ​កបន្តថា មុនការបោះឆ្នោត អ្នកវិនិយោគនិយាយពីបញ្ហាស្ថិរភាពនយោបាយ ប៉ុន្តែលទ្ឋ​ផល​ និងដំណើរការនៃការបោះឆ្នោតបានបង្ហាញរួចហើយថា កម្ពុជាមានសន្តិភាព និងស្ថិរ​ភាពនយោបាយ។​​​
លោកបន្តថា “ខ្ញុំគិតថាឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា នឹងបន្តរីកចម្រើនខ្លាំងបន្ថែមទៀតនាពេលខាងមុខ ពិសេសក្រោយការបោះឆ្នោត”។ លោកបន្តថា “កម្ពុជានឹងទាក់ទាញអ្នកវិនិយោគចិន ជប៉ុន កូរ៉េនិងបណ្តាអ្នកវិនិយោគមកពីប្រទេសក្នុងតំបន់ចូលមកកម្ពុជាកាន់តែច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here