ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងពេលអាជ្ញាធរបានផ្អាកទទួលភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរ ដោយសារតែកូវីដ១៩ អាជ្ញាធរជាតិអប្សរាបានឆ្លៀតពេលនេះ ជួសជុលកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរ ហើយដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញក្រោយចប់វិបត្តិ។
លោកយិត ចាន់ដារដ្ឋអគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ការងារជួសជុលផ្លូវនេះ បានបែងចែកជា៣កំណាត់ ដោយកំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែងជាង២គីឡូម៉ែត្រ ទី២ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែងជាង ២គីឡូម៉ែត្រ និងទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែងជាង២គីឡូម៉ែត្រ ប្រវែងសរុបចំនួន៦,៣គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិរបស់រាជរដ្ឋាភិបាល ។
លោកបានថ្លែងថា ”គម្រោងនៃការជួសជុលកែលម្អផ្លូវនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ តាមផែនការដែលបានគ្រោងទុក”។
ក្រៅពីគម្រោងជួសជុលផ្លូវក្នុងរមណីយដ្ឋានអង្គរនេះដែរ រដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាប ដោយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំនេះផងដែរ ដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សម្រាកនិងកម្សាន្តក្នុងខេត្តសៀមរាប។
លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទេសចរមកខេត្តសៀមរាបនឹងប្លែកភ្នែក ដោយសារតែមានផ្លូវខ្វាត់ខ្វែងជាច្រើនខ្សែក្នុងក្រុងសៀមរាប ហើយមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងត្រឹមត្រូវ។
លោកបន្តថា ដើម្បីទាក់ទាញដល់ទេសចរនិងវិនិយោគិនមកកាន់ខេត្តសៀមរាបរដ្ឋាភិបាលក៏គ្រោងនឹងពង្រីកផ្លូវពីភ្នំពេញ ទៅកាន់ខេត្តសៀមរាបបន្ថែមទៀត ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងវិនិយោគិន។
អ្នកជំនាញនៃវិស័យទេសចរណ៍លោកហូ វណ្ឌី ក៏បានលើកឡើងថា ការត្រៀមខ្លួនក្នុងការស្វាគមន៍ទេសចរមិនមែនទាល់តែចប់វិបត្តិទើបចាប់ផ្ដើមធ្វើនោះទេ គឺយើងត្រូវធ្វើវាមុន ។ នៅពេលចប់វិបត្តិភ្លាម អ្វីៗក៏បានត្រៀមរួចរាល់ ហើយពេលភ្ញៀវទេសចរមកដល់យើងក៏បានរៀបចំរួចជាស្រេចក្នុងការស្វាគមន៍ពួកគេ៕