តើតម្លៃដីធ្លីនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤មានការវិវត្តយ៉ាងដូចម្តេច ខណៈគំរោងសាងសង់មិនទាន់កំណត់ពេលច្បាស់លាស់

0
តើតម្លៃដីធ្លីនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤មានការវិវត្តយ៉ាងដូចម្តេច ខណៈគំរោងសាងសង់មិនទាន់កំណត់ពេលច្បាស់លាស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ នៅពេលមានព៌តមានផ្សព្វផ្សាយ ពីគំរោងហេដ្ឋារចនាសម្ព័ន្ឋនានារបស់ រដ្ឋាភិបាល តម្លៃដីធ្លីនៅជុំវិញតំបន់នោះតែងតែឡើងថ្លៃ ដោយសារការរំពឹងទុកពីផែនការអភិវឌ្ឍ និងមួយផ្នែកដោយសារចរន្តនៃការទិញលក់ដីធ្លីកើនឡើង។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីល្ងាចថ្ងៃទី៩ សីហាកន្លងមកថា នៅពេលមានការលេចឮពីផែនការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងជាប្រចាំ ស្របពេលផ្លូវក្រវ៉ាត់ក្រុងទី៣ មិនទាន់បានសាងសង់ចប់នៅឡើយ ប៉ុន្តែសកម្មភាពទិញលក់ និងតម្លៃដីធ្លីនៅក្រវ៉ាត់ក្រុងទី៣ បានកើនឡើងចន្លោះពី២០០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៤វិញ តម្លៃដីក៏បានកើនឡើងផងដែរ ដោយបច្ចុប្បន្នតម្លៃមាននៅចន្លោះ១៥ ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីមានទំហំតូចៗមានតម្លៃខ្ពស់ជាងនេះ”។លោកបន្តថា “ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលនឹងផ្តើមចេញពីផ្លូវជាតិលេខ៥១ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤១ កាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ១កំពុងឡើងថ្លៃ”។

លោកសំ សុខនឿនបានបន្តថា ប៉ុន្តែជាមួយនឹងការកើនឡើងតម្លៃដីធ្លី ក៏មានហានិភ័យមួយចំនួនផងដែរ ដូចជា អ្នកទិញដីតាមគ្នា ដែលមិនបានស្គាល់ពីភូមិសាស្រ្តច្បាស់​លាស់ ពួកគេទិញតាមគ្នា និងលេចឮតាមគ្នា ពិតជាមានហានិភ័យនាពេលអនាគត ព្រោះមិនដឹងថា ដីដែលពួកគេទិញស្ថិតនៅទីតាំងណាពិតប្រាកដ ឬចំចំណុចផ្លូវក្រវ៉ាត់ក្រុងទី៤ឬអត់ឡើយ។

លោកបន្តថា “ហេតុនេះអ្នកវិនិយោគដីធ្លីគួរប្រុងប្រយ័ត្ន និងសិក្សាពីមូលដ្ឋានភូមិសាស្រ្ត និងទិដ្ឋភាពច្បាប់ ប័ណ្ណកម្មសិទ្ឋដីធ្លីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការខាតបង់នាពេលអនាគត”។

ផែនការរបស់រដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា  ផ្លូវក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីនបានបញ្ជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់កន្លងមកថា ក្នុងចំណោមខេត្តទាំង៤នេះ ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ នឹងឆ្លងកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។

លោកបន្ថែមថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តាមដង​ផ្លូ​វខុសច្បាប់  ឬការទន្ទ្រាន  យកដីចំណីផ្លូវយកមកគ្រប់គ្រង បានធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យកកស្ទះ ដល់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹក  ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។

លោកក៏បានជំរុញលើកទឹកចិត្តឲ្យក្រសួង ក៏ដូចជា មន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់សកម្មភាពការទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដីលុបរំលោភលើដីចំណីផ្លូវ ដែលធ្វើឲ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឲ្យផ្លូវឆាប់ខូចមុនពេលកំណត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ រៀបចំសិក្ខាសាលា ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ  រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here