ដោយៈតារា
ភ្នំពេញៈ បន្ទាប់ពីក្រសួងទេសចរណ៍ បានជូនដំណឹងដល់បណ្តាម្ចាស់សណ្ឋាគារនៅកម្ពុជា ដាក់ស្នើពាក្យប្រកួតប្រជែងស្តង់ដាសណ្ឋាគារ បៃតងអាស៊ានលើកទី៨ ឆ្នាំ២០២២ដល់ឆ្នាំ២០២៤ នៅក្នុងវេទិកាទេសចរណ៍អាស៊ានATFឆ្នាំ២០២២ នាពេលខាងមុខនេះ។
មកដល់ពេលនេះ ក្រសួងទេសចរណ៍បានទទួលពាក្យសុំសិទ្ធចូលរួមប្រកួតប្រជែងពីតាមសណ្ឋាគារចំនួន១០សណ្ឋាគារ ខណៈការបិទឈប់ទទួលពាក្យនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។
លោកគីម សេរីរដ្ឋ ប្រធាន ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី១២ ខែសីហានេះថា នៅពេលនេះក្រសួងទេសចរណ៍ នៅតែបន្តរងចាំទទួលពាក្យស្នើសុំសិទ្ធចូលរួមប្រកួតប្រជែងស្តង់ដាសណ្ឋាគារអាស៊ាន ពីតាមបណ្តាសណ្ឋាគារនានានៅកម្ពុជាដែលមានលំដាប់ផ្កាយ ចាប់ពីផ្កាយបីឡើងទៅ ហើយត្រូការដាក់ពា្យនោះ បណ្តាសណ្ឋាគារត្រូវមានអាជ្ញាបណ្ណប្រកបអាជីវកម្ម សេវាសណ្ឋាគារត្រឹមត្រូវភ្ជាប់ទៅជាមួយ ។
លោកបន្តថា “បច្ចុប្បន្នក្រុមកាងារក្រសួងទេសចរណ៍ មិនទាន់បានចុះវាយតម្លៃកំណត់ស្តង់ដាសណ្ឋាគារបៃតងកម្ពុជានោះទេ ហើយជារួមបន្ទាប់ពីបិទបញ្ចប់នៃការទទួលពាក្យនៅពេលខាងមុខនេះ”។លោកបន្តថា “ក្រុមការងារក្រសួងនឹងចុះធ្វើវាយតម្លៃបណ្តាសណ្ឋាគារ ដែលបានដាក់ពាក្យ ខណៈស្តង់ដាសណ្ឋាគារបៃតងនោះ គឺត្រូវអនុវត្តតាមលក្ខខ័ណ្ឌចំនួន១១គោលធំៗ រួមមាន សណ្ឋាគារត្រូវមានគោលការណ៍គិតគូ ពីបរិស្ថាន គិតគូប្រើប្រាស់ផលិតផលមិនប៉ះពាលបរិស្ថាន និងសុខភាព មិនប្រើប្រាស់ផលិតផលជីវសាស្ត្រ ការអនុវត្តគោលការណ៍សន្សំទឹក ថាមពលអគ្គីសនី ហើយក្រៅពីនេះសណ្ឋាគារក៏គិតគូអំពីចូលរួមជួយសង្គម និងសហគមន៍ជាដើម”។
តាមគោលការណ៍អាស៊ាន ជាទូទៅនៅក្នុងការប្រកួតប្រជែងយកស្លាកសញ្ញាស្តង់ដារសណ្ឋាគាបៃតងអាស៊ានម្តងៗ បណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ាន គឺមានលទ្ធភាពអាចយកសណ្ឋាគារបៃតង នៅក្នុងប្រទេសខ្លួនយ៉ាងច្រើនបំផុតចំនួន៥ ទៅដាក់ពាក្យស្នើសុំអាស៊ានវាយតំលៃ និងដណ្តើមយកស្លាកសញ្ញាស្តង់ដាសណ្ឋាគារបៃតង អាស៊ាននេះ។
សម្រាប់កម្ពុជាវិញ មកដល់ពេលនេះ លោកគីម សេរីរដ្ឋ បានអោយដឹងថា មានសណ្ឋាគារចាប់ពីផ្កាយបី ឡើងទៅចំនួន១០សណ្ឋាគាររួចហើយ បានដាក់ពាក្យប្រកួតប្រជែង និងវាយតំលៃស្តង់សណ្ឋាគារបៃតង ហើយក្រោយពីការវាយតំលៃនោះ កម្ពុជា នឹងជ្រើសរើសសណ្ឋាគារបៃតងកម្ពុជាចំនួន៥ បញ្ជូនទៅក្រុមអាស៊ាន ដើម្បីធ្វើការវាយតំលៃផ្តល់ស្តង់ដារ និងផ្តល់ស្លាក់សញ្ញាសណ្ឋាគាបៃតងអាស៊ាននោះ នៅក្នុងវេទិកាទេសចរណ៍អាស៊ានATFឆ្នាំ២០២២ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់រៀបចំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ខែមករា ឆ្នាំ២០២២ខាងមុខនេះ។
បណ្តាសណ្ឋាគារលំដាប់ផ្កាយបីឡើងទៅចំនួន១០ ដែលបានដាក់ពាក្យប្រកួតប្រជែងនោះ ភាគច្រើនជាសណ្ឋាគារនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ខណៈនៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្នមានសណ្ឋាគារប្រមាណជាង១០៨០សណ្ឋាគារ៕