សូចនាករៈសិក្សាលើមូលដ្ឋានទាំងនេះមុនចាប់ផ្តើមវិនិយោគលើសំណង់ និងអចលនទ្រព្យដទៃទៀត

0

ដោយៈស៊ីវ​ ម៉េង

ភ្នំពេញៈ ការឈានជើងចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ទាំងការអភិវឌ្ឍន៍សំណង់នានា និងផ្នែកដទៃទៀតនៃអចលនទ្រព្យ ទាមទារនូវចំណេះដឹងមូលដ្ឋានមួយច្បាស់លាស់ ដើម្បីបញ្ចៀសហានិភ័យនាពេលអនាគត។

ព្រោះការវិនិយោគក្នុងវិស័យមួយនេះ មានហានិភ័យខ្ពស់ ហេតុនេះអ្នកជំនាញអន្តរជាតិបានស្នើ ឲ្យអ្នកដែលត្រៀមប្រឡូក ឬបោះទុនវិនិយោគលើ វិស័យនេះត្រូវមើលលើចំណុចសំខាន់ៗចំនូន៩។

លោកស្រីអាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ លំដាប់អន្តរជាតិ បានចែករំលែកថា មុននឹង សម្រេចចិត្តរកស៊ីលើអចលនទ្រព្យទ្រង់ទ្រាយធំ ឬតូច អ្នកវិនិយោគត្រូវសិក្សាលើចំណុចសំខាន់ៗទាំង៩នេះដូចជា

ទី១  ជ្រើសរើសក្រុមអ្នកច្បាប់
មេធាវិគឺជាបុគ្គលដែលសំខាន់ ជាពិសេសមេធាវី ដែលធ្វើការផ្នែកអចលនទ្រព្យតែម្ដង ព្រោះថាមិន មែនមេធាវីណា ក៏អាចផ្ដល់ប្រឹក្សាអំពីការវិនិយោគ លើវិស័យអចលនទ្រព្យបាននោះទេ។ ម្យ៉ាងទៀតមេធាវី ដែលជំនាញខាងអចលនទ្រព្យអាច ចងក្រងកិច្ចសន្យាមួយ ដែលការពារអត្ថប្រយោជន៍ អ្នកវិនិយោគ។

ទី២  ជ្រើសរើសក្រុមការងារផ្នែកគណនេយ្យ និងពន្ឋដា
បច្ចុប្បន្នពន្ធលើអចលនទ្រព្យគឺជារឿងសំខាន់មួយ ព្រោះវាមានភាពស្មុគស្មាញដែលទាមទារឲ្យផ្នែកគណនេយ្យ គិតគូរឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណាសន្សំ សំចៃផ្នែកពន្ធឲ្យអស់តិចបំផុត។

ទី៣ គឺជ្រើសរើសអ្នកជំនាញស្រាវជ្រាវទីតាំងដី
អ្នកជំនាញស្រាវជ្រាវទីតាំងដី គឺអាចជួយឲ្យអ្នក វិនិយោគបានដឹងថា អចលនទ្រព្យដែលត្រូវវិនិយោគ នោះមានហានិភ័យឬទេ ហើយអ្នកជំនាញក៏អាចជួយ អ្នកវិនិយោគពិនិត្យអគារថាតើអគារ ដែលវិនិយោគ ហើយនោះអាចប្រើប្រាស់បាន ដោយមិនមានបញ្ហា ឬយ៉ាងណា។

ម្យ៉ាងទៀតអ្នកជំនាញស្រាវជ្រាវដី ក៏អាចដឹថាដីដែល វិនិយោគ នោះអាចប្រើប្រាស់បានទៅលើអ្វីខ្លះ ឧទាហរណ៍ដូចជា សង់អគារ ធ្វើកសិកម្ម។ល។

ទី៤ ភ្នាក់ងារអចលនទ្រព្យ
ភ្នាក់ងារអចលនទ្រព្យ គឺអាចជួយវិនិយោគិន ក្នុងការសិក្សាពីតម្លៃអចលនទ្រព្យថាតើការទិញមកថ្លៃពេកទេ លក់ទៅវិញថោក ឬថ្លៃពេកជាងទីផ្សារពេកទេ។ជាមួយគ្នានេះភ្នាក់ងារអចលនទ្រព្យ អាចវាយតម្លៃ ពីតម្រូវការអចលនទ្រព្យថា អតិថិជនត្រូវការ អចលនទ្រព្យប្រភេទណា?។ តើការផ្គត់ផ្គង់   ឬលើសតម្រូវការនៅក្នុង​ទីផ្សារ។
ចំនុចសំខាន់មួយទៀត ភ្នាក់ងារអចលនទ្រព្យ អាចវាយតម្លៃបានថា ការវិនិយោគនោះបានប្រាក់ ចំនេញឆ្លើយតបជាមួយអ្នកវិនិយោគឬទេ។

ទី៥ ស្ថាបត្យករ
អ្នកវិនិយោគគឺទាមទារជ្រើសរើសស្ថាបត្យករ ដែលមានជំនាញច្បាស់លាស់ អាចរចនាម៉ូត អគារដែលត្រូវជាមួយទីផ្សារ ដែលត្រូវនឹង រសនិយមរបស់អតិថិជន ព្រមទាំងងាយស្រួល ដល់វិស្វករ។

ទី៦ វិស្វករ
ការងាររបស់វិស្វករគឺជាការងារ ដែលអ្នកវិនិយោគ មិនអាចមើលឃើញ ដូចជាប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ព្រោះថាការរស់នៅក្នុងអគារ ឬសំណង់ មួយប្រព័ន្ធទាំងអស់នេះគឺពិតជាសំខាន់។

ទី៧ ការជ្រើសរើសក្រុមហ៊ុនសំណង់
ក្រុមហ៊ុនសំណង់គឺមានជំនាញខុសៗគ្នា ខ្លះជំនាញ សង់អគារខ្ពស់ ខ្លះជំនាញសង់​ផ្ទះល្វែង ដូច្នេះត្រូវចេះ ជ្រើសរើសក្រុមហ៊ុនសំណង់ណា ដែលត្រូវនឹង គម្រោងដែលវិនិយោគ។

ទី៨ ផ្នែកធនាគារជាដៃគូ
អ្នកវិនិយោគត្រូវសិក្សាថា តើធនាគារណាដែលផ្ដល់ កម្ចីងាយស្រួល ដល់អ្នកវិនិយោគជាមួយនឹងការប្រាក់ សមរម្យ និងមានភាពបត់បែនលើលំហូរឥណទាន របស់ពួកគេ។

ទី៩ ក្រុមហ៊ុនធានារ៉ាប់រង
អ្នកវិនិយោគត្រូវជ្រើសក្រុមហ៊ុនបែបណា ដែលមានទំនួលខុសត្រូវខ្ពស់ ហើយត្រូវដឹងថាតើអគារ ដែល យើងសាងសង់នោះ ទាមទារធានារ៉ាប់រងអ្វីខ្លះ និង ចំណាយបែបណា ដើម្បីយកមកប្រៀបធៀបគ្នាពីតម្លៃ នៃការទិញធានារ៉ាប់រង ព្រោះគម្រោងដែលមានការ ធនារ៉ាប់រងច្បាស់លាស់ ជាគំរោងដែលតែងតែ ផ្តល់ទំនុកចិត្តដល់អតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here