ដោយគង់ សូរិយា
មណ្ឌលគិរីៈ រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេ
អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ហើយកាលពីថ្ងៃទី១២ សីហាកន្លងមកនេះ។
តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងលោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំការងារនេះជាប្រចាំ និងម៉ត់ចត់ និងបានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗជាច្រើន។
ផែនការមេនេះ បានចាប់ផ្តើមដំណើរការរៀបចំនៅអំលុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។
ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម និងជាប្រចាំពីសំណាក់អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប និងខេត្តមណ្ឌលគិរី តាមរយៈលិខិតលេខ ០១ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដែលមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន៕