ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោកមក វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមវិស័យដែលប៉ះពាល់ជាច្រើនទៀត ដោយសារតែចំនួនភ្ញៀវទេសចរបរទេស ចូលមកកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុក។
តែទោះជាយ៉ាងប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារឹទ្ធ បានរំពឹងថា វិស័យសណ្ឋាគារនឹងងើបឡើងវិញនៅដើមឆ្នាំ២០២២នេះ ។
លោកបានបន្តថា “តាមពិតរាជរដ្ឋាភិបាលកម្ពុជាយើង ចង់បើកទូលាយប្រទេសឡើងវិញនៅអំឡុងខែតុលា២០២១នេះ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំង២ដូសរួចហើយអាចចូល និងមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ បើសិនជាធ្វើតេស្ត មិនមានវិជ្ជមានកូវីដ១៩”។
ប៉ុន្តែដោយសារតែថ្មីៗនេះ បានរកឃើញមេរោគកូវីដ១៩បំប្លែងថ្មីដែលតា ដូច្នេះផែនការនេះអាចពន្យារបន្តិចនេះ ក៏ជាការប្រុងប្រយ័ត្នមួយរបស់រាជរដ្ឋាភិបាល ។
លោកឌិន សុមេធារិទ្ឋបានបន្តថា នៅដើមឆ្នាំ២០២២ខាងមុខ អំឡុងពាក់កណ្ដាលខែមករា កម្ពុជាគ្រោងនឹងរៀបចំវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ ហើយវាក៏ជាការបើកសាកល្បងនូវវិស័យទេសចរណ៍ឡើងវិញ ។
យ៉ាងណាបើសិនជាមេរោគ ដែលតានេះអាចគ្រប់គ្រងបាន លោករំពឹងថាវេទិកានឹងប្រព្រឹត្តិទៅដោយរលូន ហើយពេលនោះទេសចរបរទេស នឹងចាប់ផ្ដើមកម្រើកឡើងវិញ ដែលជំរុញឱ្យវិស័យសណ្ឋាគារអាចនឹងប្រសើរឡើងវិញផងដែរ។
លោកបន្តថា “បើយើងក្រលេកមកបម្រាមគោរចរ របស់រាជធានីភ្នំពេញវិញក៏បានបន្ធូរបន្ថយទៅដល់ម៉ោង១០យប់ ដែលជាសញ្ញាថាស្ថានភាពមេរោគ ដែលតានេះធូរស្រាលជាមុន ដូច្នេះយើងនៅតែរំពឹងថា វានឹងប្រសើរនៅពេលឆាប់ៗខាងមុខនេះ”។
លោកឌិន សុមេធារិទ្ឋបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ដោយមានការផ្ដល់កម្ចី ដល់វិស័យសណ្ឋាគារ និងទេសចរណ៍ទាំងមូល ដើម្បីយកកម្ចីមកស្ដារវិស័យទាំងនេះឡើងវិញ ដែលជាការជួយជ្រោមជ្រែង ធ្វើឱ្យវិស័យទេសចរណ៍ប្រសើរឡើងវិញ ។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីលីវ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានឱ្យដឹងផងដែរ នៅដើមឆ្នាំ ២០២២ខាងមុខនេះ វេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហ នុគឺជាការបើកទំព័រ និងទូងស្គរដាស់វិស័យទេសចរណ៍ឱ្យងើបឡើងវិញ ខណៈវាបានរងគ្រោះអស់រយៈពេលជិត២ឆ្នាំមកហើយ ។
លោកជំទាវរំពឹងថា បើគ្មានការរំខានពីមេរោគដែលតានោះទេ វេទិកានេះនឹងក្លាយជាវេទិកាទាក់ទាញទេសចរ មកកម្ពុជាឡើងវិញហើយពេលនោះដែរ វានឹងជួយដល់ប្រតិបត្តិករទេសចរនានា ដែលរងគ្រោះកន្លងមកទទួលបានចំណូលឡើងវិញ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងអ្នកបម្រើសេវាកម្មទេសចរណ៍ផ្សេងទៀត៕