ដោយគង់ សូរិយា
ភ្នំពេញ៖ អាគារកប់ពពកចំនួនពីរ ដែលស្ថិតនៅក្នុងគំរោង Olympia City បាននិងកំពុងសាងសង់បញ្ចប់គ្រឹះនិងបានឡើងមកដល់ជាន់ទី៣ នៃគម្រោងដែលមានកំពស់៣៨ជាន់ និង៤៥ជាន់នៃគំរោងដ៏ធំនេះហើយ។
ប្រធានគម្រោង Olympia City លោកវិស្វករម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ សីហានេះថា តាមគំរោងការវិនិយោគគម្រោងនេះ ដំបូងឡើយក្រុមហ៊ុនគ្រោងសាងសង់អាគារមេក្នុងគំរោងនេះ កំពស់៦៥ជាន់ដែលប្រើប្រាស់ជាស ណ្ឋាគារ ការិយាល័យ ខុនដូ និងអាផាតម៉ិនជាដើម ប៉ុន្តែលក្ខខ័ណ្ឌទីផ្សារអាចធ្វើឲ្យម្ចាស់គំរោងនេះបន្ថយមកនៅត្រឹម៤៥ជាន់វិញ។លោកបន្តថា ទោះជាយ៉ាងណាការរៀបចំគ្រឹះអាគារនេះ ធ្វើឡើងសម្រាប់កំពស់៦៥ជាន់ ហេតុនេះបើទីផ្សារល្អអ្នកវិនិយោគនឹងសាងសង់អាគារកំពស់៦៥ជាន់ តាមគំរោងដើមវិញ។
លោកបន្តថា “រហូតមកទល់ពេលនេះ ការសិក្សាបាននិងកំពុងធ្វើឡើង ខណៈអាគារមេក្នុងគំរោងនេះបានបញ្ចប់គ្រឹះ និងសាងសង់មកដល់ជាន់ទី៦ និងអាគារខ្ពស់មួយទៀតបានសង់បញ្ចប់ជើងតាងហើយ”។លោកបន្តថា “លក្ខខ័ណ្ឌទីផ្សារបច្ចុប្បន្នគឺការលក់មានភាពល្អប្រសើរ ទោះជាទើបបញ្ចប់ការបោះឆ្នោតថ្មីៗក៏ដោយ”។
Olympia City មានផ្ទះសរុបចំនួនប្រមាណ១៨០០យូនីត ដែលរួមបញ្ចូលនូវខុនដូ និងផ្ទះបែបអាជីវកម្ម។
លោកម៉េង ចំរើនបានបន្តថា រហូតមកដល់ពេលនេះ ការសាងសង់គំរោងនេះបាននិងកំពុងដំណើរការយ៉ាងសកម្ម ខណៈអាគារមួយចំនួនក្នុងគំរោងនេះ ក្រុមហ៊ុនបានអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅរួចហើយ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងថា ប្រសិនជាគិតតែតម្លៃសំណង់គំរោងនេះ ចំណាយប្រមាណ៥០០លានដុល្លារអាមេរិក ដោយមិនទាន់គិតបញ្ចូលតម្លៃដីនៅក្នុងគំរោងនេះនៅឡើយ។លោកបន្តថា គំរោងនេះពិតជាមានភាពទាក់ទាញ និងកំពុងទទួលបានជោគជ័យ ដោយសារវាជាគំរោងដែលស្ថិតនៅកណ្តាលក្រុង និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អក្នុងទីផ្សារ៕