សំណង់តូច ធំជាង៥ពាន់ក្នុងឧទ្យានអង្គរត្រូវបានអ្ញាធរជាតិអប្សរាអនុញ្ញាតសាងសង់រយៈពេលកន្លះឆ្នាំមកនេះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែមិថុនា២០២១ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យសំណង់តូច ធំនៅក្នុងតំបន់ឧទ្យានអង្គរ សាងសង់ចំនួន៥.១៩១ករណី ខណៈសំណើរស្នើសុំសាងសង់ ពីពលរដ្ឋមានរហូតដល់ដល់ជាង៨០០០ករណី ។ នេះបើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយកាលពីពេលថ្មីៗនេះ ។

លោកឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលរបស់ក្រុម ការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ ២០២១ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥ គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ បានសរុបចំនួន៨០៤១សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៥១៩១ ករណី។

លោកបន្តថា ករណីអនុញ្ញាតច្បាប់សាងសង់ជូនប្រជាពល រដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧១២ករណី ស្រុកអង្គរធំបានចំនួន៩៩២ករណី ស្រុកពួកបានចំនួន៩៨៦ករណី ក្រុងសៀមរាបបានចំនួន១១៦៥ ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៩០ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរ មានចំនួន៥៦សំណើ សរុបចំនួន៥១៩១ករណី។

លោកឡុង កុសលបានបន្តថា ក្រោយពេលប្រជាពលរដ្ឋ បានដាក់ពាក្យស្នើសុំច្បាប់សាងសង់រួចរាល់ហើយ និងមានក្រុមការងារសហគមន៍ ចុះពិនិត្យវាយតម្លៃនិងសម្រ​បសម្រួលករណី សំណើសុំផ្សេងៗមុននឹងអនុញ្ញាតច្បាប់សាងសង់ ហើយរាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ ប្រាក់ឡើយ។

យោងតាមច្បាប់ និងបទបញ្ញតិនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ដែនដីនៃបេតិក ភណ្ឌវប្បធម៌ និង ប្រវត្តិសាស្រ្ត ជាសម្បិត្តសាធារណៈរបស់រដ្ឋ ។ រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីសម្រេចលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានចែងថា ” ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ “។

អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ខណៈរាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here