ដោយៈ គង់ សូរិយា
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤ នឹងចូលរួមលើកកំពស់មុខមាត់ និងសេដ្ឋកិច្ចខេត្តកោះកុងឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ខណៈខេត្តនេះបាននិងកំពុងបន្តទាក់ទាញគំរោងវិនិយោគកាន់តែច្រើន។
ហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងនោះរួមមាន៖
ផ្លូវជាតិលេខ១០
វាជាផ្លូវជាតិលើកដំបូង ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់ខេត្តពោធិសាត់ និងភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលផ្លូវជាតិដ៏សំខាន់នេះ នឹងជួយសម្រួលការដឹកជញ្ជូន និងតភ្ជាប់តំបន់ភូមិភាគពាយ័ព្យជាមួយតំបន់ឆ្នេរជាលើកដំបូង។
ផ្លូវជាតិដ៏សំខាន់នេះ ស្ថាបនាបានប្រមាណ៦០ភាគរយហើយ ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណៈរដ្ឋចិន ដែលតាមផែនការផ្លូវនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ។
ផ្លូវជាតិលេខ៤៨
ផ្លូវជាតិដ៏សំខាន់មួយនេះ ត្រូវបានចុះហត្ថាលេខាពង្រីក និងកែលំអរកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។
ព្រលានយន្តហោះតារាសាគរ
ព្រលានយន្តហោះ ដែលមានតម្លៃវិនិយោគ២០០លានដុល្លារនេះ បាននិងកំពុងត្រៀមបញ្ចប់ការសាងសង់ជាផ្លូវការ និងគ្រោងបើកដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
ព្រលានយន្តហោះនេះ វិនិយោគដោយអតីតក្រុមហ៊ុន Tienjing Union Development Group ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាលជាង៤០,០០០ហិកតានៅក្នុងស្រុកបុទុមសាគរ និងស្រុកថ្មបាំង ស្រុកកោះកុង ខេត្តកោះកុង។
ក្រុមហ៊ុននេះបានប្រកាសកន្លងមកថា នឹងបោះទុនវិនិយោគលើទឹកប្រាក់៤០០០លានដុល្លារអាមេរិក នឹងប្រែក្លាយតំបន់នេះ ជាតំបន់វិស្សមកាលធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការវិនិយោគលើលំនៅដ្ឋានលំហែរកាយ ទីលានវាយកូនហ្គោល កាស៊ីណូ សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិជាដើម។
កំពង់ផែទឹកជ្រៅ
កំពង់ផែទឹកជ្រៅនៅតំបន់តារាសាគរនេះ បាននិងកំពុងត្រៀមបញ្ចប់ការសាងសង់ផងដែរ ដែលអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗចូលចតបាន ពិសេសកំពង់ផែនេះនឹងជួយសម្រូលការដឹកជញ្ជូនកសផលពីតំបន់ភូមិភាគពាយ័ព្យ មកកាន់កំពង់ផែនេះ ដើម្បីនាំចេ ញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។
កំពង់ផែនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Tienjing Union Development Group ផងដែរ។
លោកជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ជាផ្លូវការ។
លោកបន្តថា “បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងនេះរូចរាល់ និងដាក់ឲ្យដំណើរការជាផ្លូវការ សេដ្ឋកិច្ច ការវិនិយោគនៅមូលដ្ឋានខេត្តកោះកុង នឹងបន្តកើនឡើងបន្ថែមទៀត”៕