ក្រុមហ៊ុនទ្រី ភាពគ្រោងវិនិយោគ១៣០លានដុល្លារសាងសង់សណ្ឋាគារផ្កាយ៥ និងរមណីយដ្ឋានទេសចរណ៍នៅលើកោះទន្សាយ

0

        ដោយៈតារា

ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនទ្រី ភាពកោះទន្សាយរីស៊ត ឯ.ក ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍន៍ដីនៅលើកោះទន្សាយជាង១០០ហិកតា។

បើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនថា គ្រោងចំណាយថវិការប្រមាណ ១៣០លានដុល្លារ ដើម្បីវិនិយោគបង្កើតជាសណ្ឋាគារថ្នាក់ផ្កាយ៥ បឹងហ្គាឡូ ភូមិរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងសម្រាប់លេងកីឡាតាមមាត់ឆ្នេរជាដើម។

លោកវ៉ៅ សុខា អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានប្រាប់ឲ្យដឹងនៅថ្ងៃទី២២ ខែកញ្ញាថា  កោះទន្សាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ ប៉ុន្តែនៅលើកោះ មិនទាន់បានរៀបចំប្រព័ន្ធទឹកស្អាត ភ្លើងអគ្គីសនីប្រើប្រាស់នៅឡើយ។ ហើយកន្លងមក កោះនេះធ្លាប់បានប្រគល់សិទ្ធិ ដល់ក្រុមហ៊ុនវិនិយោគចំនួនពីរធ្វើការអភិវឌ្ឍន៍ គឺតាំងពីឆ្នាំ២០០៩មកម្ល៉េះ ប៉ុន្តែមិនធ្វើសកម្មភាពទាល់តែសោះ ទើបនៅឆ្នាំឆ្នាំ២០១៨ រាជរដ្ឋាភិបាលបាល បានសម្រេចដកសិទ្ធិពីក្រុមហ៊ុនទាំង២នេះវិញ ដោយប្រគល់ទីតាំងមួយភាគធំ នៃកោះទន្សាយនេះឲ្យទៅក្រុមហ៊ុនទ្រីភាព កោះទន្សាយរីស៊ត ឯ.ក នៅឆ្នាំ២០១៩ នៅលើផ្ទៃដីសរុបជាង១៤០ហិកតា ដើម្បីធ្វើការវិនិយោគរយៈពេល៥០ឆ្នាំ។

លោកបានបញ្ជាក់ថា “បច្ចុប្បន្នក្រុមការងារបច្ចេកទេសខេត្ត បានចុះទៅសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ រវាងប្រជាពលរដ្ឋ២១គ្រួសារ  និងក្រុមហ៊ុនទ្រីភាព កោះទន្សាយរីសត និងបានផ្ទៀងផ្ទាត់ព្រំប្រទល់ទីតាំងដី ធ្វើការអភិវឌ្ឍន៍ច្បាស់លាស់ហើយ ហើយក្រុមការងារនឹងយកវាទៅបញ្ជូលធ្វើ ផែនទីប្លង់មេ សម្រាប់ឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍នៅលើទីតាំងនោះ”។

លោកឡាយ ថារដ្ឋ តំណាងក្រុមហ៊ុន ទ្រីភាព កោះទន្សាយរីសត ឯ.ក បានអោយដឹងថា តាមគម្រោងរបស់លោកឧញ្ញា ទ្រីភាព ក្រុមហ៊ុនគ្រោងចំណាយថវិកាវិនិយោគនៅកោះទន្សាយជាង១៣០លានដុល្លា។ ការវិនិយោគលើកោះទន្សាយនេះ ក្រុមហ៊ុននឹងអភិវឌ្ឍន៍ ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ដោយរក្សាគម្របព្រៃឈើអោយបានលើសពី៦០%។

លោកបន្តថា “ក្រុមហ៊ុនគ្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ បឹងហ្គាឡូ ភូមិរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងសម្រាប់លេងកីឡាតាមមាត់ឆ្នេរជាដើម។ យ៉ាងណាក៏ដោយចំពោះគម្រោង និងផែនការលម្អិតផ្សេងៗ ក្រុមហ៊ុននឹងដាក់ជូនរាជរដ្ឋាភិបាលដើម្បីធ្វើការអនុម័ត”។

លោកបន្តថា បំណងលោកឧកញ្ញាទ្រី ភាពគឺចង់អភិវឌ្ឍន៍កោះទន្សាយ អោយក្លាយទៅជាទីក្រុងរណបថ្មី សម្រាប់លើកស្ទួយ និងទាក់ទាញវិស័យទេសចរណ៍ខេត្តកែបអោយបានកាន់តែប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here