មជ្ឈមណ្ឌលហិរញ្ញវត្ថុជប៉ុនធំជាងគេនៅភ្នំពេញ វិនិយោគរហូតដល់៦០លានដុល្លារអាមេរិក

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុជប៉ុន ដែលជាការិយាល័យកណ្តាល​ធនាគារស្ថាបនា បានវិនិយោគទឹកប្រាក់រហូតដល់៦០លានដុល្លារអាមេរិក ដើម្បីសង់អាគា​រកំពស់២២ជាន់ ស្ថិតនៅលើមហាវិថីព្រះនរោត្តម។

ធនាគារស្ថាបនាជាបុត្រសម្ព័ន្ឋរបស់ធនាគារ MARUHAN ដែលធនាគារនេះ បានទិញមីក្រូហិរញ្ញវត្ថុស្ថាបនាកាលពីឆ្នាំមុន។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីចុងឆ្នាំមុន លោក Han Chang Wooប្រធាននិងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន MARUHAN បានថ្លែងថា ថ្មីៗនេះក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះស្ថាបនា ដែលបច្ចុប្បន្ននេះប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញ ដែលមានអ្នកបច្ចេកទេស និងអ្នកទទួលខុសត្រូវ មកពីប្រទេ​សជប៉ុនផង និងនៅកម្ពុជាផង។

លោកបន្តថា “ក្រុមហ៊ុនមានគម្រោងសាងសង់ អគារទីស្នាក់ការកណ្តាលស្ថិតនៅ ផ្លូវនរោត្តមរាជធានីភ្នំពេញ នៅឆ្នាំ២០១៨ខាងមុខនេះ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ ដោយអាគារនេះមានកម្ពស់២២ជាន់”។លោកបន្តថា សព្វថ្ងៃនេះធនាគារនៅកម្ពុជា ទឹកប្រាក់ប្រមាណ១២០លានដុល្លារអាមេរិក ដែលមានសាខា១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក៤,៣០០នាក់ ស្មើនឹង១៥ភាគរយនៃបុគ្គលិកបម្រើការងារ នៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា”។

បច្ចុប្បន្ននេះមានក្រុមហ៊ុនជប៉ុនជាង២៥០ ដែលមានជំនឿចិត្តក្នុងការប ណ្តាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ។

លោក Han Chang Woo បានថ្លែងថា “១០ឆ្នាំកន្លងទៅនេះ កម្ពុជាមានការរីកចម្រើនយ៉ាងលឿននេះ គឺដោយសារភាពប៉ិនប្រសព្វ និងឈ្លាសសវៃរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេស”។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា ការរីកចំរើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរលើគ្រប់វិស័យ នៃសេដ្ឋកិច្ចជាតិរួមទាំងការអនុញ្ញាត ឲ្យវិនិយោគិនបរទេសអាច​មកវិនិយោគផ្ទាល់១០០ភាគរយនៅកម្ពុជា។ សម្តេចតេជោបានជំរុញឲ្យ​លោក Han Chang Woo បន្តវិនិយោគនៅកម្ពុជា ហើយបន្តចូលរួមជួយក្នុងវិស័យសង្គម ជាពិសេសវិស័យកីឡា ដោយសារកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here