ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុន ISI Group ដែលជាមេសម្ព័ន្ធក្រុមហ៊ុនផលិតដែកដ៏ធំ ក៏បានប្រកាសបង្កើនឱកាសការងារដល់និស្សិតកម្ពុជា ស្របពេលតម្រូវការដែកក្នុងវិស័យសំណង់កើនឡើង ដែលធ្វើឲ្យក្រុមហ៊ុនបង្កើនផលិតភាពរបស់ខ្លួន។
មានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២២ សីហានេះ ក្នុងដំណើរទស្សនកិច្ចសិក្សារបស់និស្សិតវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស លោក ហេង ផាន នាយកនៃនាយកដ្ឋានធនធានមនុស្សរបស់ក្រុមហ៊ុន ISI Group បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន កំពុងត្រូវការបុគ្គលិកជាច្រើនតំណែង ដើម្បីបង្កើនសមត្ថភាពផលិត និងបំពេញតម្រូវការទីផ្សារ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា លោកបានបង្ហាញនូវកង្វល់មួយចំនួន ក្នុងការជ្រើសរើសបុគ្គលិក ដោយសារមានក្រុមហ៊ុនជាច្រើន ក៏មានតម្រូវការបុគ្គលិកច្រើនដែរ។
លោកបន្តថា “ឳកាសការាងារកាន់តែមានច្រើនសម្រាប់និស្សិតសិក្សាជំនាញវិស្វកម្ម មេកានិក និងជំនាញពាក់ព័ន្ឋ ដោយសារតម្រូវការ និងផលិតភាពកើនឡើងនៅក្នុងវិស័យនេះ”។លោកបន្តថា “ទោះជាយ៉ាងណាធនធានមនុស្សក្នុងវិស័យនេះ នៅមានកម្រិត ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែច្រើនមានភាពប្រកួតប្រជែងគ្នា ក្នុងការជ្រើសរើសបុគ្គលិកដើម្បីចូលបំពេញការងារ”។
លោក ហេង ផាន បានបន្តថា នេះជាឱកាសដ៏ល្អ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន ហើយលោកក៏បានលើកទឹកចិត្តដល់និស្សិតកំពុងសិក្សាជំនាញពាក់ព័ន្ធ ដូចជា វិស្វករ មេកានិច្ច និងជំនាញអេឡិចត្រូនិកផ្សេងៗជាច្រើនទៀត។ ជាក់ស្ដែងក្រុមនិស្សិតរបស់វិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេសផ្ទាល់តែម្ដង ត្រូវខិតខំសិក្សា និងស្វែងយល់ទាំងទ្រឹស្ដី និងការអនុវត្ត ដើម្បីទទួលបានឱកាសការងារធ្វើ និងសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួននាពេលអនាគត៕