ក្រុមហ៊ុនទ្រី ភាព បានទទួល ស.ជ.ណ ពីរដ្ឋាភិបាលអភិវឌ្ឍន៍លើកោះទន្សាយទំហំប្រមាណ ១៤០ហិកតា

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ខេត្តកែបបានឲ្យដឹងថា ក្រុមហ៊ុនទ្រីភាពបានទទួលស ជ ណពីរាជរដ្ឋាភិបាល ដើម្បីវិនិយោគលើកោះទន្សាយ ក្នុងទំហំផ្ទៃដីប្រមាណ១៤០ហិកតា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងធ្វើសកម្មភាពមួយចំនួនហើយ។

អភិបាលនៃគណអភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនទ្រីភាពបានដាក់គ្រឿងចក្រ ត្រាស់សេ ផ្លូវ និងការដ្ឋានមូយចំនួនហើយ ដោយក្រុមហ៊ុននេះបានធ្វើសកម្មភាពវិនិយោគពិតប្រាកដ មិនមែនបានទទួលពីរដ្ឋាភិបាលហើយ ទុកចោកនោះទេ។

លោកបន្តថា “យ៉ាងណាក៏ដោយក្រុមហ៊ុននេះ មិនទាន់បានចុះកិច្ចព្រមព្រៀងជាមួ​យរដ្ឋាភិបាលនៅឡើយទេ ដោយសារក្រុមហ៊ុននេះកំពុងសិក្សា និងរៀបចំប្លង់គោលអភិវឌ្ឍន៍ឲ្យបានជាក់លាក់ជាមុនសិន”។ លោកបន្តថា “ទោះជាបានទទួលទំហំដីជាគោ​ល​​ការណ៍ប្រមាណ១៤០ហិកតាក្តី តែក្រុមហ៊ុននេះអាចអនុញ្ញាត្តឲ្យធ្វើសកម្មភាពអភិវឌ្ឍតែចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះ ព្រោះតំបន់មួយចំនួនជាភ្នំ ព្រៃឈើដែលត្រូវការអភិរ័ក្ស និងថែររក្សាសោភ័ណភាពរបស់កោះនេះ”។

លោកសោម ពិសិដ្ឋបានបន្តទៀតថា ក្រុមហ៊ុនទ្រី ភាពនឹងអភិវឌ្ឍន៍កោះនេះជាសណ្ឋាគារ បឹងហ្កាឡូ ភៅជនីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត ទីលានវាយកូនហ្គោលខ្នាតតូចជាដើម ស្របពេលកោះទន្សាយជាកោះល្បីល្បាញ និងមានភាពស្រស់ស្អាត ហើយបើអ្នកមកកាន់ខេត្តកែប មិនស្គាល់កោះទន្សាយដូចជាមិនបានមកដល់ខេត្តកែប។

ជាមួយគ្នានេះ លោកបានឲ្យដឹងផងដែរថា ក្រុមហ៊ុនទ្រី ភាពមិនមានគំរោងសាងសង់ខ្សែកាប មានកន្រ្តកយោងចេញពីក្រុងកែប ទៅកាន់កោះទន្សាយនោះទេ ដែលព៌ត​មាននេះបានត្រឹមតែជាការលើកឡើងតគ្នាប៉ុណ្ណោះ។
ខេត្តកែបត្រូវបានរដ្ឋាភិបាល ពិសេសផែនការមេរបស់ក្រសួងទេសចរណ៍រៀបចំ​ផែនការអភិវឌ្ឍន៍ ជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ដោយមិនអនុញ្ញាត្តឲ្យមាន​ការសាងសង់រោងចក្រ សហគ្រាសដែលបង្ហុយផ្សែងនាំដល់ការបំពុលបរិស្ថាននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here