ប្រធាន CVEA អះអាងថា ផ្នែកចំនួនពីរនៃវិស័យអចលនទ្រព្យនៅតែមានសកម្មភាពល្អជាងគេ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមបានអះអាងថា ផ្នែកចំនួនពីរនៃវិស័យអចលនទ្រព្យនៅតែមានដំណើរការទិញលក់ល្អជាងគេ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៥​ធ្នូកន្លងមកថា សកម្មភាពនៃការទិញលក់ដីធ្លី និងលំនៅដ្ឋាននៅតែមានសកម្មភាពប្រសើរជាងផ្នែកដទៃទៀត ពិសេសទីផ្សារលំនៅដ្ឋាននៅតែដំនើរ​ការ ដោយសារមានការគាំទ្រពីប្រព័ន្ឋធនាគារនានា។

លោកបន្តថា “ប្រសិនជាធនាគារមិនផ្តល់ការគាំទ្រ នឹងធ្វើឲ្យទីផ្សារជាប់គាំង ប៉ុន្តែស្ថាប័នធនាគារនានា បានរឹតបន្តឹងខ្លះៗផងដែរ ប៉ុន្តែអ្នកមានក្រេឌីតល្អ នៅតែមានលទ្ឋភាពច្រើនទទួលបានឥណទាន”។ លោកបន្តថា “ចំណែកដីធ្លី នៅតែមានសកម្មភាពទិញលក់ ដោយសារការវិនិយោគដីធ្លីមានផលចំណេញខ្ពស់ និងជាការវិនិយោគដែលមានភាពជឿជាក់ ហើយទី​ផ្សារដីធ្លីនៅតែបន្តកើនឡើង”។

លោកច្រឹក សុខនីមបានបន្តថា ទោះជាយ៉ាងណាចរន្តទិញលក់ គឺមា​នតែអ្នកវិនិយោគក្នុងស្រុកប៉ុណ្ណោះ ព្រោះវិនិយោគិនបរទេសមិនទាន់ចាប់ ផ្តើមនៅឡើយ ខណៈស្ថានភាពជំងឺកូវីដ១៩ បានផ្តល់សញ្ញាមិនច្បាស់​លាស់ដល់ទីផ្សារ។

លោកបន្តថា យ៉ាងណាក៏ដោយក៏មានសញ្ញាល្អផងដែរ សម្រាប់ប្រជាជនកម្ពុជា ពួកគេនឹងមិនត្រូវធ្វើចត្តាឡីស័កនោះទេ នៅពេលពួកគេទៅកាន់ប្រទេសសឹង្ហបុរី និងប្រទេសថៃនៅចុងខែធ្នូនេះ។

ជាមួយគ្នានេះ លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុន AMATAK Property Service បានមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា ​ទីផ្សារដីធ្លីមានសកម្មភាពទិញលក់ជាហូរហែរ ប៉ុន្តែភាគច្រើននៃអ្នកវិនិយោគ ផ្តោតលើអចលនទ្រព្យដែលមានតម្លៃទាបជាងទីផ្សារ។

លោកស្រីបន្តថា “ទោះជាយ៉ាងណាតម្លៃអចលនទ្រព្យ មិនទាន់មានសញ្ញាប្រសើរច្រើននៅឡើយទេ ទោះជាសកម្មភាពទិញលក់ ជួលលើផ្នែកមួយចំនួនបានកើនបន្តិចក្តី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here