ដោយស៊ីវ ម៉េង+លាងគង់
ភ្នំពេញ៖ គិតត្រឹមសប្តាហ៍ទី១នៃខែកញ្ញានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័យគំរោងវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិចំនួនបី ដែលមានទឹកប្រាក់ជាង៣០០លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែល Propertyaea.asia ទទួលបាននាព្រឹកថ្ងៃទី៥កញ្ញានេះបានបង្ហាញឲ្យដឹងថា នៅក្នុងដើមខែកញ្ញានេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនវិនិយោគ MI NER VA INVESTMENT ដោយមានទឹកប្រាក់វិនិយោគប្រមាណជាង ៣០០លានដុល្លាអាមេរិក នឹងបានបង្កើតកំលាំងការងារថ្មីប្រមាណជាង ១ពាន់កន្លែង ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើនកំលាំងពលកម្មក្នុងស្រុកជាដើម។
ក្រុមហ៊ុន MINER VA Investment គ្រោងកែច្នៃកាកសំណល់ធុនរឹងមាន រថយន្ត បរិក្ខាអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្មនិងលោហៈធាតុផ្សេងៗ ដើម្បីផលិតជាផលិតផលមានតម្លៃឡើងវិញ។
គំរោងបង្កើតរោងចក្រថ្មីនេះ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
រីឯក្រុមហ៊ុន២ផ្សេងទៀត គឺក្រុមហ៊ុន SAISITE PACKAGING (CAMBODIA) គ្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្រោងបោះទុនវិនិយោគប្រមាណ១លានដុល្លារអាមេរិកផងដែរ។ ចំណែកក្រុមហ៊ុន TGH (CAMBODIA) INDUSTRIAL មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីលោហៈធាតុ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុដូចគ្នា ដោយគ្រោងបោះទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក៕