ដោយៈសុខុម
សឹង្ហបុរី: ប្រទេសសឹង្ហបុរី បានដំឡើងពន្ធប្រថាប់ត្រាបន្ថែមលើការទិញលំនៅដ្ឋានឯកជន ពីសំណាក់ជនបរទេស និងពលរដ្ឋសិង្ហបុរី ដែលទិញផ្ទះទី២។ នេះបើយោតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ។
ការដំឡើងពន្ធប្រថាប់ត្រា ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ មកនេះ ធ្វើឡើងនៅក្នុងគោលបំណង ទប់ការឡើងថ្លៃលំនៅដ្ឋាន និងការកើនឡើងបំណុល ដែលជំរុញដោយឥណទានគេដ្ឋាន ឬកម្ចីទិញផ្ទះ។
ក្រសួងចំនួន២ និងធនាគារកណ្ដាលនៃប្រទេសនេះ បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីរាត្រីថ្លៃពុធ ទី១៥ ធ្នូ ថា ជនបរទេសដែលទិញផ្ទះដំបូងរបស់ខ្លួន នឹងត្រូវប្រឈមការដំឡើងពន្ធប្រថាប់ត្រា១០% ដែលធ្វើឱ្យការបង់ពន្ធកើនឡើងពី២០% ទៅដល់៣០%នៃតម្លៃទិញ។ ចំណែកឯអង្គភាព នឹងត្រូវបង់ពន្ធ៣៥% ដោយកើនឡើងពី២៥%។
ពលរដ្ឋសិង្ហបុរី និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ ដែលមានសិទ្ធិទិញលំនៅដ្ឋានសាធារណៈ នឹងមិនប្រឈមមុខការដំឡើងពន្ធនេះទេ សម្រាប់ការទិញផ្ទះដំបូងរបស់ខ្លួន។
អ្នកជំនាញមើលឃើញថា ការដំឡើងពន្ធប្រថាប់ត្រាពី២០%ដល់៣០%នេះ នឹងមានផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ហើយវានឹងមិនអាចរារាំងអ្នកដែលស្វែងរកទិញផ្ទះ តម្លៃខ្ទង់២២លានដុល្លារអាមេរិកឡើយ។
ប្រជាពលរដ្ឋចិន ឥណ្ឌា និងអាមេរិក គឺជាអ្នកវិនិយោគធំៗបំផុតនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ ប៉ុន្តែអ្នកទិញដែលមកពីសហរដ្ឋអាមេរិក នឹងត្រូវលើកលែងពន្ធ ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)៕ South China Morning Post៕