ដោយៈសុខុម
ប្រទេសចិន: បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់ប្រទេសចិន នៅពេលនេះ កំពុងតែប្រឈមនឹងការសងបំណុល យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលដល់ពេលកំណត់ត្រូវសងក្នុងឆ្នាំ២០២២។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៩ មករា នេះឱ្យដឹងថា ការប្រឈមមុខនឹងការសងបំណុលយ៉ាងច្រើន សន្ធឹកសន្ធាប់នេះកើតមានឡើង នៅពេលសន្ទុះនៃការលក់អចលនទ្រព្យ បានធ្លាក់ចុះខ្លាំង ហើយទីផ្សារផ្ដល់ឥណទាននៅតែបិទ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការរឹតបន្តឹងការផ្ដល់ឥណទានក្នុងវិស័យនេះ។
ផ្អែកតាមទិន្នន័យរបស់ Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធពិភពលោកបង្ហាញថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន មានបំណុលដែលដល់ពេលត្រូវសងក្នុងឆ្នាំ២០២២ នេះច្រើនរហូតដល់ទៅ១១៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះបំណុល ដែលត្រូវសងជារូបិយប័ណ្ណដុល្លារ មានចំនួន៣៦ពាន់លានដុល្លារ។
បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងប្រទេសនេះ កំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរមិនធ្លាប់មាន នៅពេលចំណាត់ការរឹតបន្តឹង ការផ្ដល់ឥណទានក្នុងវិស័យអចលនទ្រព្យប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសំណាក់ក្រុមនិយ័តករ បានបណ្ដាល ឱ្យក្រុមហ៊ុនអចលនទ្រព្យនានា ខកខានសងបំណុលនៅបរទេស ហើយកម្រិតគុណភាពឥណទាន របស់ក្រុមហ៊ុនទាំងនេះក៏បានធ្លាក់ចុះខ្លាំង។
សន្ទុះធ្លាក់ចុះនៅក្នុងវិស័យនេះ បានដាក់សម្ពាធលើបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកាន់តែខ្លាំងបន្ថែមទៀត ដោយការវិនិយោគលើអចលនទ្រព្យនៅក្នុងខែធ្នូ ចុងឆ្នាំ២០២១ បានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតចាប់តាំងពីដើមឆ្នាំ២០២០ មក។
តួយ៉ាង ក្រុមហ៊ុនចិន China Evergrande Group បាននិងកំពុងដុនដាបយ៉ាងខ្លាំង នៅក្នុងការសងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិករបស់ខ្លួន រួមទាំងមូលបត្របំណុលបរទេសជិត២០ពាន់លានដុល្លារអាមេរិកផងដែរ បន្ទាប់ពីក្រុមហ៊ុននេះខកខានសងបំណុលតាមពេលកំណត់ជាបន្តបន្ទាប់៕ Reuters៕