ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រជូនក្រុមហ៊ុនវិនិយោគ លើគម្រោងរោងចក្រជាបន្តបន្ទាប់នៅកម្ពុជា ដែលការវិនិយោគលើគម្រោងរោងចក្រនេះដែរ នឹងផ្ដល់ឱកាសការងារ និងតម្រូវការដីធ្លីសម្រាប់សាងសង់រោងចក្រកាន់តែច្រើនឡើងផងដែរ។
លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានឱ្យដឹងថា ការវិនិយោគរោងចក្រឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ពិតណាស់នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងនោះវានឹងផ្ដល់នូវឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជាច្រើនទៀតផងដែរ ជាពិសេសដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ដោយសារតែវិបត្តិ កូវីដ១៩កន្លងទៅ។
លោកបន្តថា “ការចេញវិញ្ញាបនបត្រជូនក្រមហ៊ុនវិនិយោគ លើរោងចក្រនៅពេលនេះ ថ្វីត្បិតតែមិនបានផ្ដល់អត្ថប្រយោជន៍ភ្លាម តែគម្រោងនឹងធ្វើឡើងនៅពេលអនាគត”។ លោកបន្តថា “ប្រជាពលរដ្ឋនឹងទទួលបានឱកាសការងារ និងពលរដ្ឋដែលបម្រសេវាកម្ម នៅជិតតំបន់រោងចក្រនោះផងដែរ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៀតផង”។
លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអលនទ្រព្យឡាក់គី ក៏បានឱ្យដឹងផងដែរថា គម្រោងវិនិយោគលើរោងចក្រ នឹងធ្វើឱ្យតម្រូវការដីធ្លីសម្រាប់សាងសង់រោងចក្រក៏កាន់តែច្រើនផងដែរ ជាពិសេសនៅតំបន់ដែលនៅឆ្ងាយពីរាជធានីភ្នំពេញ ខណៈនៅជិតរាជធានីភ្នំពេញ នឹងវិវត្តន៍ទៅរកការអភិវឌ្ឍវិស័យផ្សេង ដូចជា លំនៅឋាននិងពាណិជ្ជកម្មជាដើម។
លោកបន្តថា នៅក្នុងវិបត្តិដែលកើតឡើងចំពោះកម្ពុជា២ឆ្នាំ កន្លងមកឃើញថា អ្នកដែលស្វែងរកដីធ្លីសម្រាប់សាងសង់ ឃ្លាំងជួលជារោងចក្រ និងស្តុកទំនិញនៅតែមានជាបន្តបន្ទាប់ ដូច្នេះធ្វើឱ្យហាងឆេងដីធ្លីសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មនៅតែមានខ្ពស់ដដែល។
លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតក៏បានលើកឡើងផងដែរ ការវិនិយោគលើរោងចក្រឧស្សាហកម្មឃើញថា បានងាកទៅរកទិសខាងលិចរាជធានីច្រើន ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់នៅតែមានស្ថានភាពល្អប្រសើរ និងមានការទិញលក់ច្រើន។
យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឃើញថាដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត គម្រោងវិនិយោគរោងចក្រនៅកម្ពុជា មានចំនួនជិត២០គម្រោង ដែលមានទឹកប្រាក់សរុបជិត១០០លានដុល្លារអាមេរិក និងបង្កើតការងាររាប់ម៉ឺននាក់ផងដែរ៕