ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនHLHដ៏ធំរបស់សឹង្ហបុរី គ្រោងបោះទុនវិនិយោគទឹកប្រាក់៤០០លានដុល្លារបន្ថែមទៀតនៅកម្ពុជា ខណៈក្រុមហ៊ុននេះបានបោះទុនរាប់រយលានដុល្លាររួចហើយនៅប្រទេសនេះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុននេះបានឲ្យដឹងថា គម្រោងអចលនទ្រព្យធំៗចំនួន២របស់ក្រុមហ៊ុន Hong Lai Huat (HLH) នៅប្រទេសកម្ពុជា Royal Platinum និងD’Seaview កំពុងដំណើរការទៅដោយរលូនទាំងការសាងសង់ និងការលក់បានដោយរលូន ទោះប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី។
យោងរបាយការណ៍សរុបស្ថានភាពអាជីវកម្មបស់ក្រុមហ៊ុន គម្រោង Royal Platinum នៅភ្នំពេញ បានសាងសង់ដល់ជាន់ទី១០ហើយ ដែលនៅសល់១៨ជាន់ទៀត ខណៈការលក់សម្រេចបានប្រមាណ៩០ភាគរយ។
ជាមួយគ្នានេះ គម្រោង D’Seaview នៅខេត្តព្រះសីហនុ ក៏ដំណើរការដោយរលូន ដោយកាលពីឆ្នាំមុន ត្រូវបានលក់ផ្នែកសណ្ឋាគារ ដោយជោគជ័យ។
ក្រុមហ៊ុន HLH ក៏បានទិញដី២កន្លែងទៀតដែរ ដោយមួយកន្លែងនៅភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ។
យោងតាម Edge Prop គម្រោងទាំង២របស់ក្រុមហ៊ុនHLH នាពេលបច្ចុប្បន្ន កំពុងស្ថិតក្រោមការសិក្សាពីលទ្ធភាព ហើយត្រូវបានគេរំពឹងថាមានតម្លៃវិនិយោគប្រមាណ៤០០លានដុល្លារអាមេរិក។
កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុននេះ ក៏បានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមជាមួយនឹង HSC Group ដើម្បីស្វែងរករ៉ែនៅខេត្តកំពង់ស្ពឺ។
លើសពីនេះនេះ ក្រុមហ៊ុនHLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ ក៏បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ៥០លានដុល្លារ ស្ថិតនៅលើផ្ទៃដី១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុផងដែរ៕