ដោយៈ សុផារី
ភ្នំពេញៈ អាផាតម៉ិនជាទីផ្សារសំខាន់មួយ នៃវិស័យអចលនទ្រព្យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារចំនួននៃភ្ញៀវបរទេសមានការធ្លាក់ចុះ។
ទោះយ៉ាងណាក្តី លោកប៉ូ អ៊ាវគង់ អគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ Advance រំពឹងថា ទីផ្សារមួយនេះនឹងមានភាពល្អប្រសើរ នៅក្នុងឆមាសទី២ ឆ្នាំ២០២២នេះ។
បើប្រៀបធៀបនឹងឆ្នាំ២០២០ លោកសង្គេតឃើញថា ជារួមទីផ្សារជួលអាផាតម៉ិនក្នុងទីក្រុងភ្នំពេញ មានការធ្លាក់ចុះប្រមាណ៥ ទៅ១០ភាគរយ តែបើប្រៀបធៀបនឹងមុនកូវីដ១៩ ក្នុងឆ្នាំ២០១៩ មានការធ្លាកចុះខ្លាំង ដោយសារតែភាគច្រើន អ្នកជួលអាផាតម៉ិនភាគច្រើន ជាជនជាតិបរទេស ហើយ ក្នុងសម័យកូវីដ១៩នេះ ក្រុមហ៊ុន អង្គការនានាបានកាត់បន្ថយការចំណាយ និងកាត់បន្ថយបុគ្គលិក។
លោកមានប្រសាសន៍ថា “និយាយរួម ទីផ្សារជួលក្នុងឆ្នាំ២០២១ មានលក្ខណៈរៀងធ្លាក់ចុះដែរ ចំនួនភ្ញៀវដែលជួលក៏ធ្លាក់ចុះ ហើយកម្រិតនៃការរកភ្ញៀវថ្មីក៏មិនសូវមាន”។ លោកបន្តថា “ប្រៀបធៀបនឹងឆ្នាំ២០១៩ មានការធ្លាក់ចុះច្រើន តែបើប្រៀបធៀបនឹងឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ៥ទៅ១០ភាគរយ ទើបតែចុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះទេ ដែលចាប់ផ្តើមមានចំណូលខ្លះ នៃភ្ញៀវបរទេសចូលមកក្នុងប្រទេស តែមិនមានចំនួនច្រើននោះទ”។
នៅក្នុងឆ្នាំ២០២២ នេះលោកមើលឃើញថា លោកសង្ឃឹមថា អាចមានកម្លាំងចលករមួយ ដែលអាចជម្រុញឱ្យទីផ្សារជួល មានលក្ខណៈល្អប្រសើរជាងឆ្នាំ២០២១បន្តិច តែក៏នៅមិនទាន់ធំដុំនៅឡើយទេ ព្រោះថាទីផ្សារជួលនេះ ពាក់ព័ន្ធនឹងការធ្វើដំណើរ និងការវិលត្រលប់មកវិញនៃការបើកអាជីវកម្មថ្មី នៃវិស័យដែលជាប្រភេទជនជាតិបរទេស ចូលមកកាន់ស្រុកខ្មែរ។
តែប្រសិនបើទាក់ទងនឹងការជួលប្រភេទផ្ទះល្វែង សបហោស៍ ដែលជាប្រភេទអាជិវកម្មក្នុងស្រុករបស់យើង ដែលបានចាប់ផ្តើមពង្រឹងឡើងវិញ លោកមើលឃើញថា មានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ដែរ ក្នុងរយៈពេល២ ទៅ៣ខែចុងក្រោយនេះ។ តែបើម្ចាស់អាជីវកម្មជាប្រភេទជនជាតិ ចិន កូរ៉េ ជប៉ុន ម៉ាឡេស៊ី ជាដើមនោះ នៅខ្សត់ខ្សោយនៅឡើយទេក្នុងដើមឆ្នាំនេះ។
យ៉ាងណាក្តី លោករំពឹងថា នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២២នេះ អាចនឹងមានកំណើនល្អប្រសើរជាងក្នុងឆមាសទី១នេះ។
ក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះ និន្នាការនៃជនជាតិចិន ដែលបានមកជួលមានកំណើនខ្ពស់ ខណៈជនជាតិអ៊ឺរ៉ុប និងជនជាតិជប៉ុនមានការស្ងប់ស្ងាត់ទៅវិញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ៕