ដោយៈជេស៊ីកា
ព្រះសីហនុៈ បន្ទាប់ពីរងភាពស្ងប់ស្ងាត់អស់ពេលប៉ុន្មានឆ្នាំ បច្ចុប្បន្នខេត្តព្រះសីហនុ បានចាប់ផ្តើមទាក់ទាញលំហូរទុនវិនិយោគ ឡើងវិញបណ្តើរៗហើយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម្ងៃថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគំរោងវិនិយោគថ្មីៗមួយចំនួន ចូលមកកាន់ខេត្តព្រះសីហនុឡើងវិញ ដែលគំរោងទាំងនោះរូមមាន គំរោងកែច្នៃខ្សាច់ស៊ីលីកាដើម្បីនាំចេញ គំរោងសាងសង់រោងចក្រ ផលិតសម្ភារៈសម្រាប់សត្វ និងរោងចក្រមួយចំនួនទៀតទាក់ទងនឹងផលិតកម្មនានា។
លោកបន្តថា “ជាមួយលទ្ឋផលល្អប្រសើរ នៃការប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩របស់រដ្ឋាភិបាល បច្ចុប្បន្នគំរោងវិនិយោគសំណង់ នៅខេត្តព្រះសីហនុបានចាប់ផ្តើមឡើងវិញបណ្តើរៗហើយ”។ លោកបន្តថា“សកម្មភាពសេដ្ឋកិច្ច ទេសចរណ៍នៅខេត្តព្រះសីហនុ ចាប់ផ្តើមមានភាពប្រសើរឡើងផងដែរ”។
ខេត្តព្រះសីហនុបានទាក់ទាញ គំរោងវិនិយោគលើវិស័យសំណង់ លើទំហំទឹកប្រាក់ ប្រមាណ៨០០០លានដុល្លារ ដែលធ្វើឲ្យមុខមាត់របស់ខេត្តផ្លាស់ប្តូរទាំងស្រុង។
រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដើម្បីរៀបចំក្រុងព្រះសីហនុជាតំបន់អភិវឌ្ឍន៍ពហុបំណង ដើម្បីប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិ៕