ដោយៈ សុផារី
ភ្នំពេញៈ ស្របពេលដែលទីផ្សារអចលនទ្រព្យ កំពុងតែរីកចម្រើនខ្លាំង និងមានការតម្រូវការច្រើន ពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក វិនិយោគិនថ្មីៗជាច្រើន បានចាប់ផ្តើមវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ក្នុងនោះអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយខ្លះទៀតក៏បរាជ័យក្នុងរយៈពេលដ៏ខ្លី។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចនិងអចលនទ្រព្បានមានប្រសាសន៍ឱ្យដឹងថា ជាក់ស្តែង កន្លងមកការវិនិយោគអចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ ពឹងផ្អែកលើជនជាតិបរទេស ពោលគឺជនជាតិចិនជាគោល។
នៅពេលមានបញ្ហាវិបត្តិ ជនជាតិចិនបានត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ដែលបណ្តាលឱ្យមានឱកាស វិនិយោគនៅជាប់គាំង។ ចំណក អ្នក វិនិយោគដែលធ្លាប់ផ្អើល ទៅវិនិយោគតាមគេឯង ក៏ជាប់គាំង។
លោកថា បើវិនិយោគព្រោះចង់មានឆាប់ ជួបប្រទះហានិភ័យបែបនេះ តើគួរវិនិយោគដោយភាពប្រាកដថា នឹងអាចកសាងភាពមានបានរឹងមាំយូរអង្វែងដោយរបៀបណា?។
លោកបានបន្តថា ជាក់ស្តែងក្រុងភ្នំពេញ នឹងត្រូវពង្រីកកាំរង្វង់៣០គីឡូម៉ែត្រនៅឆ្នាំ២០៣០។ ជារៀងរាល់ឆ្នាំ ភ្នំពេញត្រូវការលំនៅដ្ឋានរាប់ម៉ឺនខ្នង និងមានកំណើនពលរដ្ឋ ចំណាកស្រុកមករកការងារធ្វើ និងបន្តការសិក្សារាប់ម៉ឺននាក់។ ក្នុងមួយឆ្នាំៗ មានសិស្សប្រឡងបញ្ចប់ថ្នាក់ទី១២ ឬហៅថាបាក់ឌុប មិនតិចជាង១០ម៉ឺននាក់នោះទេ។ ពួកគេភាគច្រើននឹងមកបន្តការសិក្សា និងរកការងារធ្វើនៅភ្នំពេញ។
លោកបានណែនាំថា “មានឱកាសវិនិយោគ ប្រកបដោយភាពប្រាកដថា អាចនឹងកសាងភាពមានបាន រឹងមាំយូរអង្វែងជាច្រើន ដោយផ្តោតការវិនិយោគអចលនទ្រព្យ ទៅតាមតំរូវការក្នុងស្រុកយូរអង្វែង”។ លោកបន្តថា “និយាយរួមបើវិនិយោគពឹងផ្អែក លើតំរូវការក្នុងស្រុកសំរាប់រយៈពេលវែង នោះមិនមានហានិភ័យនោះទេ”។
លោកង៉ែត ជូបានបន្តថា កណ្តាលក្រុងភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មប្រកបដោយភាពរឹងមាំ។ ចំណែក តំបន់ជាយក្រុងគឺជាតំបន់លំនៅដ្ឋាន ដែលមានតម្រូវការខ្ពស់ បើទោះជាឆ្អែតក៏ឆ្អែតតែមួយរយៈ រួចនឹងមានកំណើនបន្តទៀត។ រីឯតំបន់ជាប់ជាយក្រុងភ្នំពេញ ដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងក្លាយជាតំបន់ឧស្សាហកម្មដ៏មានសក្តានុពល ជាពិសេសតំបន់ជាប់នឹងក្រវ៉ាត់ក្រុងទី៤ ដែលរដ្ឋាភិបាលកំពុងសិក្សា៕