ថៃ ច្រានចោលសំណើសុំបង្កើនកូតាកម្មសិទ្ធិលើខុនដូសម្រាប់ជនបរទេសពី៤៩ភាគរយ

0

ដោយ៖ សុខុម

បាងកក: កាលពីថ្ងៃសុក្រ ទី២១ មករា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) នៃប្រទេសថៃ ដែលមាននាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជាប្រធាន បានច្រានចោលសំណើសុំបង្កើនកូតាកម្មសិទ្ធិលើខុនដូសម្រាប់ជនបរទេសពី៤៩% និងសំណើសុំពង្រីកសិទ្ធិជួលអចលនទ្រព្យសម្រាប់ជនបរទេសពី៣០ឆ្នាំទៅ៥០ឆ្នាំ។

ទោះជាយ៉ាងណា មជ្ឈមណ្ឌល CESA បានឯកភាពជាគោលការណ៍លើសំណើសុំអនុញ្ញាតឱ្យជនបរទេសកាន់កាប់ដីមួយរ៉ៃ (១៦អា) សម្រាប់គោលបំណងធ្វើលំនៅដ្ឋាន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃសៅរ៍ ទី២២ មករា នេះ។

ក្រសួងរៀបចំដែនដីថៃ ទទួលភារកិច្ចធ្វើការសិក្សាសមិទ្ធលទ្ធភាពរយៈពេល២ខែ បន្ទាប់មកធ្វើសំណើដាក់ជូនទៅមជ្ឈមណ្ឌល CESA ដើម្បីធ្វើការពិចារណាឡើងវិញ។

ប្រភពអនាមិកមួយនៅវិមានរដ្ឋាភិបាលបានទម្លាយឱ្យដឹងថា រដ្ឋមន្ត្រីមហាផ្ទៃលោក Anupong Paojinda គឺជាអ្នកជំទាស់នឹងសំណើទាំង២នេះ ដែលត្រៀមរៀបចំដោយគណៈកម្មការចំពោះកិច្ចទទួលបន្ទុកសិទ្ធិវិនិយោគពិសេសថ្មីៗសម្រាប់ជនបរទេស។

គណៈកម្មការចំពោះកិច្ចនេះត្រូវបានដឹកនាំដោយលោក M.L. Chayotid Kridakorn ដែលជាទីប្រឹក្សាផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow។

ប្រភពដដែលបានទម្លាយឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីមហាផ្ទៃ Anupong Paojinda បានទាញទឡ្ហីករណ៍ថា បញ្ហាទាំង២នេះជាបញ្ហារសើបណាស់ ហើយរដ្ឋាភិបាលនឹងប្រឈមការរិះគន់ពីសាធារណជន ប្រសិនបើរដ្ឋាភិបាលឯកភាពលើសំណើទាំងនេះ។

ឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow បានលើកឡើងថា រដ្ឋាភិបាលនឹងបន្តគោលនយោបាយទាក់ទាញភ្ញៀវបរទេសអ្នកមានទ្រព្យស្តុកស្ដម្ភឱ្យមកកាន់ប្រទេសនេះ ព្រោះវាអាចបង្កើតប្រាក់ចំណូលសម្រាប់ប្រទេសថៃ ក្នុងរយៈពេលវែង។ គោលនយោបាយនោះរួមមានទាំងការផ្ដល់ទិដ្ឋាការរយៈពេលវែងរហូតដល់១០ឆ្នាំ និងកម្មសិទ្ធិដីធ្លី និងអចលនទ្រព្យផងដែរ។

រដ្ឋាភិបាលថៃ សង្ឃឹមថានឹងអាចទាក់ទាញទេសចរអ្នកមានឱ្យមកស្នាក់នៅរយៈពេលវែងក្នុងប្រទេសនេះឱ្យបានជាង១លាននាក់នៅរយៈពេល៥ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here