ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្រៅពីរាជធានីភ្នំពេញ បណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាចាប់ផ្ដើមទទួលបានការវិនិយោគជាបន្តបន្ទាប់ហើយពីវិនិយោគិនក្នុងនិងក្រៅប្រទេស និងបានជំរុញតម្លៃដីធ្លី ជាពិសេសក៏បានបានកែប្រែសក្ដានុពលដីធ្លីពីវិស័យមួយទៅមួយផ្សេងទៀត ដូចជាដីកសិកម្ម ក្លាយជាឧស្សាហកម្មនិងលំនៅជាដើម ។ក្នុងនោះដែរខេត្តចំនួន៤រំពឹងថានឹងទទួលបានការវិនិយោគបន្ថែមទៅលើវិស័យអចលនទ្រព្យ។
លោក កែវ សុជាតិ អ្នកជំនាញអចលនទ្រព្យមកពីខេត្តកំពត បានឱ្យដឹងថានៅក្នុងខេត្តកំពតកំពុងទទួលបានការអភិវឌ្ឍពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ក្នុងនោះរដ្ឋាភិបាលបានតភ្ជាប់ផ្លូវពីភ្នំពេញទៅកាន់ខេត្តកំពតច្រើនខ្សែផងដែរ។
លោកបន្តថា នៅក្នុងវិបត្តិកូវីដ១៩រយៈពេល២ឆ្នាំកន្លងទៅនេះ កំពតនៅតែទទួលបានគម្រោងវិនិយោគថ្មីៗនិងមានការចាប់អារម្មណ៍លើការវិនិយោគដីធ្លីពីសំណាក់វិនិយោគិនជាំពិសេសវិនិយោគិនក្នុងស្រុកយើង ហើយក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ក៏ឃើញថាកំពតទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេផងដែរក្នុងចំណោមខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកវិនិយោគលើរីសត ផ្ទះលំហែកាយ ផ្ទះសំណាក់ សណ្ឋាគារកាន់តែច្រើនចាប់ផ្ដើមសាងសង់ផ្គត់ផ្គង់បំពេញតម្រូវការ។
លោកបន្តថា បច្ចុប្បន្ននេះកំពតមានសក្ដានុពលជាច្រើនទៀតដែលវិនិយោគិនគួរតែសម្លឹងរកការវិនិយោគក្នុងនោះ ដូចជាគម្រោងវិនិយោគលើកំពង់ផែទេសចរណ៍និងកំពង់ផែពហុបំណងតម្លៃ១៣០០លានដុល្លារអាមេរិក គម្រោងលំហែកាយ គម្រោងសាងសង់អគារខ្ពស់ៗមួយចំនួនទៀតជាដើម។
លោក កែវ សុធារ៉ា អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបមកពីខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំកន្លងមក ទាក់ទងនឹងវិស័យអចលនទ្រព្យគឺសន្លប់ស្ដូកតែម្ដង ព្រោះក្នុងរយៈពេល២ឆ្នាំនេះ សណ្ឋាគារបិទ ទេសចរណ៍បិទ វិស័យអចលនទ្រព្យក៏រងផលប៉ះពាល់ដែរ។
លោកបន្តថា មកដល់ពេលនេះ វិស័យអចលនទ្រព្យត្រូវបានមើលឃើញថាចាប់ផ្ដើមងើបឡើងពីសន្លប់វិញ ពីព្រោះកម្ពុជាមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបក៏បានសាងសង់រួច ហើយសៀមរាបចាំតែទេសចរជាតិអន្តរជាតិមកលេងកម្សាន្តប៉ុណ្ណោះ ពេលនោះអចលនទ្រព្យនឹងងើបកាន់តែខ្លាំងឡើងវិញ។
លោក អ៊ិន ដារ៉ា អ្នកជំនាញមកពីខេត្តបាត់ដំបង ក៏បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណពីរបីខែចុងក្រោយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកសកម្មភាពសេដ្ឋកិច្ច បើកប្រទេសឡើងវិញឃើញថា ចំនួននៃការទិញលក់អចលនទ្រព្យក្នុងខេត្តបាត់ដំបងចាប់ផ្ដើមកម្រើកឡើងវិញជាមួយនឹងសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យនេះ ក្នុងឆ្នាំ២០២២និងឆ្នាំក្រោយៗ ហើយលោកក៏រំពឹងថាបន្ទាប់ពីចូលឆ្នាំចិនរួចវិស័យអចលនទ្រព្យនឹងមានសកម្មភាពកាន់តែខ្លាំងឡើងថែមទៀត។
អ្នកនាង ស្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពង់ចាមក៏បានឱ្យដឹងផងដែរថាកំពង់ចាមគឺជាខេត្តមួយមានប្រជាជនច្រើនលំដាប់ទី២បន្ទាប់ពីភ្នំពេញ ដែលមានចំនួនរហូតដល់ជាង១លាននាក់ឯណោះ ហើយប្រជាជននៅខេត្តកំពង់ចាមជាច្រើន ដែលចង់វិនិយោគអចលនទ្រព្យ គឺបានឡើងមកភ្នំពេញទិញផ្ទះដើម្បីវិនិយោគ ដូច្នេះការវិនិយោគនៅអចលនទ្រព្យនៅក្នុងខេត្តកំពង់ចាមនឹងទទួលបានផលចំណេញច្រើន។
ជារួម ខេត្តទាំង៤នេះនឹងទទួលបានការវិនិយោគបន្ថែមឡើងវិញនៅឆ្នាំ២០២២នេះ ខណៈបណ្ដាខេត្តមួយចំនួនទៀតនឹងរំពឹងថាក៏ទទួលបានការវិនិយោគច្រើនផងដែរ ដូចជាខេត្តព្រះសីហនុ កោះកុង និងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាជាដើម ៕