ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ ការផ្ដល់ឥណទានទៅលើវិស័យអចលនទ្រព្យ ជាពិសេសការផ្ដល់ឥណទានបុគ្គលសម្រាប់ទិញផ្ទះ បានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងនោះដែរទោះបីកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩រយៈពេល២ឆ្នាំ ក៏ទំហំឥណទានលំនៅឋានក៏នៅតែបន្តកើនឡើងដដែល។
លោកឌឿន សុភាព នាយកគ្រប់គ្រង ផ្នែកលក់ឥណទានបុគ្គលនៃ ធនាគារJ Trust Royal បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៦ មករាថា ស្ថាប័នហិរញ្ញវត្ថុនៅក្នុងពេលនេះ នៅតែមានភាពរឹងមាំ និងបន្តរីកចម្រើនដូចដើម ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាឥណទានទិញផ្ទះដែលធនាគារ បានផ្ដល់ទៅអតិថិជនមានការរីកចម្រើនដដែល ដែលគិតមកដល់ពេលនេះ បើតាមរបាយការណ៍របស់ការិយាល័យ ឥណទានកម្ពុជាបានបង្ហាញថា ឥណទានទិញផ្ទះមានទំហំរហូត ដល់ជាង៥ពាន់លានដុល្លារអាមេរិក ។
លោកបន្តថា “ការកើនឡើងនៃទំហំឥណទាន សម្រាប់លំនៅឋាននៅក្នុងប្រទេសកម្ពុជា ដោយសារតែតម្រូវរបស់អតិថិជននៅតែមានច្រើន អ្នកស្វែងរកលំនៅឋានស្នាក់នៅច្រើនជាងមុន ធ្វើឱ្យបណ្ដាធនាគារផ្ដល់ឥណទានលើវិស័យលំនៅឋានក៏មានច្រើនជាងមុន”។
លោកបន្តថា នៅពេលបច្ចុប្បន្ននេះដែរ មិនថាតែយុវជនឬមនុស្សវ័យណានោះទេ ក៏មានប្រើប្រាស់កម្ចីពីធនាគារដើម្បីទិញផ្ទះដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ ឃើញយុវជនមានច្រើនបានចាប់អារម្មណ៍ លើការរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។
លោកបន្តថា “ដើម្បីទិញផ្ទះនៅក្នុងក្ដីសុបិន្តបាន អតិថិជនត្រូវការមានប្រាក់មួយចំនួនជាមុនសិន ដោយធនាគារខ្លះតម្រូវ៣០ភាគរយនៃតម្លៃផ្ទះ ហើយធនាគារខ្លះ តម្រូវឱ្យមានត្រឹម២០ភាគរយនៃតម្លៃផ្ទះ។ ដូច្នេះពួកគាត់ត្រូវមានលុយសន្សំមួយចំនួនជាមុនសិន រួចហើយអាចរកកម្ចីពីធនាគារដើម្បីបង្គ្រប់ក្នុងការទិញផ្ទះមួយនោះ”។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងផងដែរថា ឥណទានសម្រាប់ទិញផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន១៣,២ភាគរយ ក្នុងចំណោមឥណទានអតិថិជនសរុប មានជាង៣៦,៨ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងទៅ។
របាយការណ៍ដដែលបានបន្តថា កំណើនឥណទានអតិថិជនទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានកំណើនរហូតដល់៣៧,៧ភាគរយក្នុងឆ្នាំ២០២១កន្លងទៅនេះ។ ដោយឡែកតាមរបាយការណ៍ និងការសិក្សារបស់ក្រុមហ៊ុនCBREក៏បានបង្ហាញថា គម្រោងសាងសង់ក្នុងឆ្នាំ២០២១ កន្លងទៅភាគច្រើន ជាគម្រោងលំនៅឋានដែលមានរហូតដល់ ទៅជាង៥០ភាគរយនៃគម្រោងសាងសង់សរុប ដែលមានន័យថាការផ្គត់ផ្គង់លំនៅឋាន ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២១កន្លងទៅនៅតែមានសកម្មភាព៕