ប្រធាន CVEA បង្ហើបពីវិធីសាស្រ្តប្រើប្រាស់ឥណទានធនាគារដើម្បីទិញដីធ្លី

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានបង្ហើបពីវិធីសាស្រ្តមួយចំនួន ក្នុងការប្រើប្រាស់ឥណទានឬខ្ចីលុយពីធនាគារ ដើម្បីវិនិយោគលើដីធ្លី។

លោកបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីរសៀលថ្ងៃទី២៧ មករាកន្លងមកថា ការវិនិយោគលើដីធ្លី គេនិយមប្រើប្រាស់វិធីសាស្រ្តចំនួនពីរ ទី១ គឺប្រើប្រាស់សាច់ប្រាក់ខ្លួនឯង និងទី២ ប្រើប្រាស់ប្រាក់អ្នកដទៃឬទុនពីអ្នកដទៃ (ពីធនាគារឬមីក្រូហិរញ្ញវត្ថុ) វិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញ។

លោកបន្តថា “ការប្រើប្រាស់លុយខ្ចីពីធនាគារអាចធ្វើបាន ដោយសារដីធ្លីជាមធ្យមឡើងចន្លោះ១០ ទៅ១៥ភាគរយក្នុងមួយឆ្នាំ ខណៈកម្ចីពីធនា​គារមានការប្រាក់ត្រឹមចន្លោះពី៦ ទៅ១០ភាគរយក្នុងមួយឆ្នាំប៉ុណ្ណោះ”។​លោ​​កបន្តថា “ហេតុនេះការខ្ចីលុយពីធនាគារ យកមកវិនិយោគលើដីធ្លីអាចធ្វើបា​​ន ប៉ុន្តែអ្នកវិនិយោគត្រូវដោះដូរដីធ្លីឲ្យបានញឹកញាប់ បើលក់ទិញ១ឆ្នាំបាន៤ដង ហើយម្តងចំណេញបាន១០ភាគរយ គឺយើងបានផលចំណេញ​៤០ភាគរយ ខណៈកម្ចីធនាគារមានការប្រាក់ត្រឹម៦ ទៅ១០ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ”។

លោកច្រឹក សុខនីមបានបន្ថែមថា ដីធ្លីបើយើងទិញត្រូវ យើងអាចទទួ​លបានផលចំណេញ ឬគេឲ្យចំណេញភ្លាមៗ ប៉ុន្តែការវិនិយោគបែបនេះគួរប្រុងប្រយ័ត្ន ក្នុងករណីគាំងលំហូរសាច់ប្រាក់ ដូច្នេះអ្នកវិនិយោគត្រូវសិក្សាពី​លំហូរប្រាក់ចំណូល និងទីតាំងដែលខ្លួនគួរវិនិយោគឲ្យបានច្បាស់លាស់។

លោកបន្តថា ទីតាំងដីនៅជាយរាជធានីភ្នំពេញ ជាដីដែលមានផលចំណេញខ្ពស់ជាងបណ្តាខេត្ត ទោះបីជាខេត្តមានសក្តានុពលសេដ្ឋកិច្ចក្តី ហេតុផលនៅត្រង់ថា នៅជាយរាជធានីភ្នំពេញ ជាតំបន់មានមនុស្សរស់នៅច្រើន ជាតំបន់មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដែលអំណោយផលដល់ការទិញលក់ និងធ្វើឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here