ដោយៈគង់ សូរិយា
ភ្នំពេញៈ ការអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់លក់ នៅទីក្រុងប៉ោយប៉ែត បាន និងកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ដោយអ្នកអភិវឌ្ឍន៍បានងាកចេញពីលំនៅដ្ឋានតម្លៃមធ្យម មកសាងសង់លំនៅដ្ឋានមានតម្លៃខ្ពស់ ដោយសារមានការបញ្ជាទិញច្រើន។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Bright HTL លោកសួង សុខហ៊ាងដែលបាន និងកំពុងត្រៀមសាងសង់បុរីតម្លៃខ្ពស់ នៅទីក្រុងប៉ោយប៉ែតនាពេលខាងមុខ បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ដោយសារតម្រូវការ ទីកន្លែងស្នាក់នៅសម្រាប់បុគ្គលិក ដែលធ្វើការ២៤ម៉ោង បានធ្វើឲ្យហាហងឆេងជួលផ្ទះ និងអគារស្នាក់នៅមានកំណើនខ្ពស់។
លោកបន្តថា “បច្ចុប្បន្នតម្លៃផ្ទះវីឡា អាចរកជួលបានតម្លៃចន្លោះពី៥០,០០ ទៅ១០,០០០ដុល្លារ ខណៈផ្ទះល្វែងធម្មតាអាចជួលបានក្នុងតម្លៃ៣០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។ លោកបន្តថា“ការកើនឡើងនូវតម្លៃជួលវីឡាប្រណីត និងអគារស្នាក់នៅកើនឡើងនេះ ដោយសារម្ចាស់កាស៊ីណូនានា បានជួលឲ្យបុគ្គលិកបំរើការងារ២៤ម៉ោង”។
លោកសួង សុខហ៊ាងបានបន្តថា ដោយសារតម្រូវការខ្ពស់បែបនេះ ទើបបច្ចុប្បន្ន មានម្ចាស់បុរីចន្លោះពី៣ទៅ៤បាន និងកំពុងសាងសង់ផ្ទះវីឡាមានតម្លៃខ្ពស់ ដែលមានតម្លៃចន្លោះពី៣០ ទៅ៥០ម៉ឺនដុល្លារអាមេរិក ឬខ្ពស់ជាងនេះ ដើម្បីបំពេញតាមតម្រូវការអតិថិជន។ ជាលទ្ឋផលផ្ទះមានតម្លៃខ្ពស់ទាំងនោះ បានលក់ចេញបានលឿន ខណៈដែលផ្ទះល្វែងមានតម្លៃ៥ទៅ៦ម៉ឺនដុល្លារពិបាកលក់ចេញ។
លោកបន្តថា នាពេលឆាប់ៗខាងមុខនេះ លោកនិងភាគហ៊ុនិករបស់លោកនឹងសាងសង់បុរី មានតម្លៃខ្ពស់នៅទីក្រុងប៉ោយប៉ែត ដោយលោកមានជំនឿនិងមើលឃើញថា លំនៅដ្ឋានបែបនេះ នឹងលក់ចេញបានលឿន ស្របពេលអតិថិជនជាច្រើនកំពុងរង់ចាំ៕