ស្រុករតនៈមណ្ឌលខេត្តបាត់ដំបងនឹងទាក់ទាញលំហូរទុនវិនិយោគច្រើននាពេលខាងមុខ

0

ដោយៈសូរិយាវង្ស

ភ្នំពេញៈ មានចម្ងាយជាង៣០គីឡូម៉ែត្រ ពីទីក្រុងបាត់ដំបង និងស្ថិតនៅលើផ្លូវជាតិ តភ្ជាប់ទៅកាន់ខេត្តប៉ៃលិន ព្រំដែនកម្ពុជា ថៃ ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង កំពុងទាក់ទាញការចាប់អារម្មណ៍ ពីវិនិយោគិនក្នុងស្រុក និងបរទេស។

អភិបាលស្រុករតនៈមណ្ឌលខេត្តបាត់ដំំបង លោកគុយ វណ្ណូបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា មូលដ្ឋាននេះនឹងទាក់ទាញការវិនិយោគបន្ថែមនាពេលអនាគត ខណៈរោងចក្រ សហគ្រាសមួយចំនួនបានបោះទីតាំងនៅមូលដ្ឋាននេះរួចហើយ ពិសេសនាពេលឆាប់ៗខាងមុខ ក្រុមហ៊ុនចិនធំមួយនឹងសាងសង់ រោងចក្រផលិតស៊ីម៉ងត៍នៅក្នុងមូល ដ្ឋា​ននេះ។

លោកបន្តថា “ខ្ញុំបានស៊ីញ៉េលើឯកសារ ទាក់ទងនឹងទំហំដី៨០ហិក​តា ដែលក្រុមហ៊ុននេះបានទិញ ដើម្បីស្នើសុំប័ណ្ណកម្មសិទ្ឋដីធ្លីរួចហើយ ខណៈក្រុមហ៊ុននេះ កំពុងសុំអាជ្ញាប័ណ្ណពី CDC ដើម្បីចាប់ផ្តើមសាងសង់រោងចក្រនាពេលខាងមុខ”។

លោកគុយ វណ្ណូ បានបន្តឲ្យដឹងទៀតថា ដោយសារការបង្កើតរោងចក្រ មួយចំនួន និងមានគំរោងរោងចក្រថ្មីៗនាពេលខាងមុខ បានធ្វើឲ្យតម្លៃដីធ្លីនៅមូលដ្ឋាននេះ ឡើងថ្លៃបណ្តើរៗផងដែរ ប៉ុន្តែវាជាតម្លៃសមរម្យនៅឡើយ ដោយមិនទាន់ឡើងថ្លៃខ្ពស់នៅឡើយទេ បើធៀបនឹងតម្លៃដីនៅក្រុងបាត់ដំបង។

ខេត្តបាត់ដំបង នឹងក្លាយជាទីក្រុងទេសចរណ៍ ដ៏មានប្រជាប្រិយភាពខ្លាំងថែមទៀតនាពេលអនាគត នៅពេលរដ្ឋាភិបាលសាងសង់ផ្លូវជាតិថ្មីមួយខ្សែតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបងនាពេលខាងមុខ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា គំរោងសាងសង់ផ្លូវជាតិតភ្ជាប់ពីសៀមរាប មកកាន់ក្រុងបាត់ដំបង ស្ថិតនៅក្នុងផែនការអាទិភាពមួយ ដោយការសាងសង់ផ្លួវនេះ មានគោលដៅសំខាន់ៗចំនួន៣ ទី១ គឺសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ។

ទី២ ជាការទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យស្នាក់នៅកម្ពុជារយៈពេលវែង ដោយធ្វើយ៉ាងណាឲ្យភ្ញៀវចេញពីខេត្តសៀមរាប ឆ្ពោះមកដើរលំហែរ និងស្នាក់នៅក្រុងបាត់ដំបង និងទី៣ នឹងមានការសាងសង់ប៉មខ្ពស់មួយនៅកណ្តាលបឹងទន្លេសាប ដើម្បីឲ្យភ្ញៀវទេសចរណ៍អាចគយគន់ទេសភាព សត្វស្លាប ដែលមានភាពទាក់ទាញខ្លាំងសំរាប់ភ្ញៀវទេសចរណ៍។

រដ្ឋាភិបាលបាននិងកំពុងសិក្សា និងស្តារឡើងវិញនូវព្រលានយន្តហោះខេត្តបាត់ដំបងផងដែរ ប៉ុន្តែគំរោងនេះ បានផ្អាកមួយរយៈពេលខ្លីដោយ​សារបញ្ហាវិបត្តិជំងឺកូវីដ១៩កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here