ដោយៈសុខុម
ហូជីមិញ: ក្រុមហ៊ុនសាជីវកម្ម អាកាសយាដ្ឋានវៀតណាម (Airports Corporation of Việt Nam (ACV)) ដែលគ្រប់គ្រងដោយរដ្ឋ កំពុងតែដំណើរការគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Long Thành នៅប្រទេសវៀតណាម ភាគខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ មករា។
លោក Lại Xuân Thanh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្ម ACV បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) ថា គម្រោងខ្នាតយក្សនេះ នឹងត្រូវសាងសង់លើផ្ទៃដី រហូតដល់ទៅ៥.៣០០ហិកតា ហើយថាគម្រោងនេះ ទទួលបានដីទំហំ២.៦០០ហិកតារួចហើយសម្រាប់ការអភិវឌ្ឍដំណាក់កាលទី១។
លោកបានបញ្ជាក់ថា “ដំណើរការសាងសង់ អាចនឹងចាប់ផ្ដើមភ្លាមៗ ទោះបីជាដីមិនទាន់ ត្រូវបានឈូសឆាយស្អាតទាំងស្រុងក្ដី ហើយគម្រោងទទួលបានផ្ទៃដីមួយចំនួនធំរួចហើយ ដូចនេះបញ្ហាដីមិនចោទជាបញ្ហាខ្លាំងនោះទេ”។
លោកបន្ថែមទៀតថា ការងារមួយចំនួន ដូចជាការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការសាងសង់របងការពារ កំពុងតែដំណើរការនៅពេលនេះ។
ក្រោយចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម បញ្ចប់នៅខែកុម្ភៈ ដ៏ខ្លីខាងមុខ ក្រុមហ៊ុនសាជីវកម្ម ACV នឹងចាប់ផ្ដើមការងារសំខាន់ៗដូចជា ការឈូសឆាយពង្រាបដីឱ្យស្មើ ការបុកគ្រឹះ ព្រមទាំងការងារស្ថាបនាផ្លូវយន្តហោះរត់ផងដែរ។
ក្រុមហ៊ុនសាជីវកម្ម ACV គ្រោងសាងសង់គម្រោងខ្នាតយក្សនេះ ឱ្យចប់ជាស្ថាពរនៅត្រឹមខែមិថុនា ឆ្នាំ២០២៥ ស្របតាមអ្វីដែលរដ្ឋាភិបាលបានអនុម័ត ហើយថែមទាំងអាចចប់លឿនជាងនេះទៀតផងក៏ថាបាន បើធៀបនឹងពេលវេលាកំណត់ខែធ្នូ ឆ្នាំ២០២៥ ដែលរដ្ឋសភាបានអនុម័ត។
អាកាសយានដ្ឋានអន្តរជាតិ Long Thành គឺជាគម្រោងជាតិដ៏សំខាន់មួយ និងជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសនេះ។ គម្រោងនេះជួបប្រទះការលំបាកច្រើន ប៉ុន្តែភាគច្រើនជាបញ្ហាបច្ចេកទេស ព្រោះឧបសគ្គនានាទាក់ទិននីតិវិធី រដ្ឋបាលត្រូវបានអាជ្ញាធរដុតដៃដុតជើងដោះស្រាយភ្លាមៗ។
គម្រោងខ្នាតយក្សនេះ មានតម្លៃរហូតដល់ទៅ៤,៣៧ពាន់លានដុល្លារអាមេរិក ហើយត្រូវបានរដ្ឋាភិបាល និងរដ្ឋសភាអនុម័តរួចហើយ។ ដូចនេះ ថ្វីដ្បិតតែក្នុងរយៈពេល២ឆ្នាំមកនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនសាជីវកម្ម ACV បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំចំណាយសម្រាប់គម្រោងខ្នាតយក្សនេះ នៅតែរក្សាទុកឱ្យនៅដដែល៕ Vietnam News៕