ដោយៈ ជេស៊ីកា
ភ្នំពេញៈ គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េងបាននិងកំពុងឈានទៅរកសភាពជាប់គាំងហើយ។
ទីតាំងសាងសង់អគារភ្លោះនៃ Royal One កំពស់ ៦២ជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស (អតីតស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៣ចាស់) ដែលបានព័ទ្ឋរបង និងលើកផ្លាកបង្ហាញពីរូបភាពគំរោងនេះ ត្រូវបានដកចេញហើយ និងជំនួសវិញដោយរូបផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cellcard។
ដើមឡើយ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ សហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយ HuashiGroup។ ក្រុមហ៊នុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយក្រុមហ៊ុន Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគំរោងនេះ។
លោកឧកញ៉ាគិត ធាងបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់អគារនេះកាលពីពេលកន្លងមកថា ការសាងសង់អាគារខ្ពស់កប់ពពកនេះ នឹងចាប់ផ្តើមនៅខែកញ្ញា២០២១ និងគ្រោងចំណាយពេលរយៈពេល៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។
អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប អាគារការិយាល័យជាដើម។
លោកឧកញ៉ាគិត ធាងបានបន្តថា “អាគារ Royal One នឹងជាអាគារខ្ពស់ជាងគេមួយ ដែលនឹងលើកកំពស់មុខមាត់រាជធានីភ្នំពេញ។
ហេតុអ្វីអ្នកឧកញ៉ាគិត ម៉េងមិនសូវទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍គំរោងអចលនទ្រព្យ?
អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុន Royal Group មានមុខជំនួញយ៉ាងច្រើនក្នុងដៃ ដែលភាគច្រើន ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ប៉ុន្តែបើក្រឡេកមើលគំរោងអភិវឌ្ឍន៍ អចលនទ្រព្យរបស់អ្នកឧកញ៉ាគិត ម៉េងមិនសូវទទួលបានជោគជ័យនោះទេ។
ប៉ុន្តែភាពជោគជ័យរបស់លោក ក៏អាចជាឧបសគ្គរបស់លោកផងដែរ ក្នុងការធ្វើឲ្យលោកអាចសម្របខ្លួន ជាមួយក្រុមមនុស្សថ្នាក់ក្រោម ដែលមានជំនាញលក់ ជំនាញទីផ្សារ និងជំនាញវិភាគពីការវិវត្ត នៃទីផ្សារអចលនទ្រព្យ និងអ្នកជំនាញពាក់ព័ន្ឋ ដែលពួកគេជាសមាសធាតុសំខាន់ៗ ក្នុងការជួយជំរុញមុខជំនួញ និងការអភិវឌ្ឈន៍គម្រោងរបស់លោក ឲ្យកាន់តែទទួលបានភាពជោគជ័យ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍ នៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ការសម្រេចបានជោគជ័យលើគំរោងអចលនទ្រព្យមួយ មិនមែនជារឿងសាមញ្ញពេកនោះទេ ទោះជាអ្នកអភិវឌ្ឍន៍ មានប្រាក់ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែមធ្យោបាយឆ្ពោះទៅរកជោគជ័យត្រូវការធាតុផ្សំជាច្រើន លើសពីលុយដែលអាចធ្វើបាន។
លោកបន្តថា “គំរោងរបស់អ្នកឧកញ៉ាគិត ម៉េងដូចជាគំរោងខុនដូ North Park ស្ថិតនៅក្នុងសាលាអន្តរជាតិ North Bridge មិនទាន់ដំណើរការដោយរលូននោះទេ ដោយសារការលក់យឺតជាងការរំពឹងទុក ខណៈគំរោងមួយទៀតគឺ Royal One ក៏បង្ហាញសញ្ញាជាប់គាំង”។ លោកបន្តថា “ការអភិវឌ្ឍន៍គំរោងខុនដូ និងបុរីជាដើម សុទ្ឋតែទាមទារជំនាញបច្ចេកទេស ធនធានហិរញ្ញវត្ថុ និងអ្នកលក់ពូកែ និងកត្តារួមផ្សំជាច្រើនទៀត ទើបទទួលបានជោគជ័យ”៕