ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុត្រូវការពេលវេលា និងកែលំអរចំណុចមួយចំនួន

0

ដោយៈជេស៊ីកា

ព្រះសីហនុៈ ក្រុមអ្នកជំនាញអចលនទ្រព្យ និងវិភាគពីស្ថានភាពទីផ្សា​រ​បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ ត្រូវការពេលវេលាបន្ថែម ខណៈក្តីសង្ឃឹមចិនត្រលប់មកវិញ នឹងត្រូវចំណាយពេលបន្ថែមផងដែរ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២ កុម្ភៈថា តម្លៃអចលនទ្រព្យ មុនពេលវិបត្តិនៅក្រុងព្រះសីហនុ បានហក់ឡើងខ្ពស់ពេក ស្របពេលការផ្គត់ផ្គង់ បានកើនហួសតម្រូវការនៅក្នុងទីផ្សារ ហេតុនេះទាម ទារឲ្យមានការកែប្រែ តម្លៃមួយចំនួនលើតម្លៃអចលនទ្រព្យ ដើម្បីឲ្យស្ថានភាពវិលមកកាន់ភាពប្រក្រតីវិញ។

អ្នកស្រីបន្តថា “អ្វីៗត្រូវការពេលវេលា ការកែប្រែតម្លៃ ស្របពេលបញ្ហាប្រឈម និងឱកាសក៏កើតមានព្រមគ្នាផងដែរ”។ អ្នកស្រីបន្តថា “ឱកាសនៅត្រង់ថា បើម្ចាស់អគារលក់ក្នុងតម្លៃសមរម្យ នឹងអាចមានអ្នកទិញយក ប៉ុន្តែ​បញ្ហាប្រឈមនៅត្រង់ថា តើពេលសាងសង់ចប់ តើជួល និងលក់ឲ្យអ្នកណា?”។

អ្នកស្រីអាន សុធីតា បានបន្តថា ការទន្ទឹងនូវការវិលត្រលប់មកវិញរបស់អ្នកវិនិយោគចិន អាចចំណាយពេលច្រើន ដោយសារស្ថានភាពនៅប្រទេសចិន ពិសេសវិស័យអចលនទ្រព្យក្នុងប្រទេសនេះ កំពុងមានបញ្ហា ពិសេសរដ្ឋាភិបាលចិន មិនអនុញ្ញាត្តឲ្យមានការបង្ហូរទុន ចេញក្រៅប្រទេសឡើយ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជាទូទៅស្ថានភាពក្រុងព្រះសីហនុមានភាពប្រសើរជាងមុន ដោយសារមានសកម្មភាពទិញលក់មួយចំនួន និងការដើរហើររបស់ភ្ញៀវទេសចរណ៍ច្រើនជាងមុនផងដែរ។

លោកបន្តថា “ប្រសិនជាស្ថាប័នហិរញ្ញវត្ថុ នៅបន្តផ្តល់ឥណទាន គឺទី​ផ្សារនឹងមិនមានវិ​បត្តិឡើយ ប៉ុន្តែតម្លៃ និងសកម្មភាពអភិវឌ្ឍន៍មិនងើបខ្លាំងឡើយ”។ លោកបន្តថា “ក្នុងទីផ្សារនៅតែមានចរន្តទិញលក់ធម្មតា ប៉ុន្តែវាជាការវិនិយោគក្នុងទំហំតូចៗប៉ុណ្ណោះ”។

ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ស្ថានភាពទីផ្សារបានវិលមកជាបណ្តើរៗ ដោយសារមានការហូរចូលនូវអ្នកវិនិយោគចិន ដែលធ្វើឲ្យសកម្មភាពទិញលក់កើនឡើង ពិសេសសំណង់អាគារមួយចំនួន ដែលបានផ្អាកនាពេលកន្លងមកបានចាប់ផ្តើមឡើងវិញបណ្តើរៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here