ក្រុមអ្នកវិនិយោគិនហុងកុងសាងសង់អគារការិយាល័យយ៉ាងច្រើន ធ្វើឱ្យការផ្គត់ផ្គង់កើនឡើងខ្ពស់មិនធ្លាប់មាន

0

ដោយ៖ សុខុម

ហុងកុង៖ ក្រុងហុងកុង ដែលជាទីផ្សារការិយាល័យថ្លៃបំផុតរបស់ពិភពលោកមានផ្ទៃការិយាល័យទំនេរសម្រាប់ជួលច្រើនជាងពេលណាៗទាំងអស់នៅពេលនេះ ពោលគឺការផ្គត់ផ្គង់មានច្រើនលើសលប់បើធៀបនឹងតម្រូវការ។ នេះបើយោងតាមសារព័ត៌មាន Colorsofindia ចុះផ្សាយកាលពីថ្ងៃទី០១ ខែកុម្ភៈ។

ក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យអាមេរិក CBRE Group Inc ឱ្យដឹងថា ស្តុកការិយាល័យទំនេរក្នុងក្រុងហុងកុង បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងខែធ្នូ ចុងឆ្នាំ២០២១ រហូតដល់ទៅ៨៤៥.០០០ម៉ែត្រការ៉េ ដែលស្មើនឹងផ្ទៃតារាងបាល់ទាត់រហូតដល់ទៅប្រមាណ១៥៨តារាង។

នៅតំបន់ Central ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានតម្លៃខ្ពស់កប់ពពកនៃក្រុងហុងកុង ការផ្គត់ផ្គង់ការិយាល័យនឹងកើនឡើងបន្ថែមទៀត។ លោក Li Ka-shing និងលោក Lee Shau Kee ដែលសុទ្ធតែជាកំពូលមហាសេដ្ឋីអចលនទ្រព្យមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំក្រុងហុងកុង កំពុងតែសម្រុកសាងសង់ប្លុកអគារការិយាល័យថ្មីៗដែលគ្រោងនឹងបើកដំណើរនៅឆ្នាំ២០២៣។

ទោះជាយ៉ាងណា អ្នកជំនាញមិនច្បាស់ថាតើផ្ទៃការិយាល័យទំនេរដ៏ច្រើនសម្បើមទាំងនេះនឹងមានអ្នកជួលអស់លឿនកម្រិតណាឡើយ ខណៈព្រំដែនជាមួយចិនដីគោក នៅបិទនៅឡើយ ដែលជាកត្តារារាំងក្រុមហ៊ុនចិនដីគោក នានាពីការជួយគាំទ្រដល់ទីផ្សារការិយាល័យក្រុងហុងកុង។

ស្ថានការណ៍នេះក៏កើតមានឡើងផងដែរ ខណៈតម្រូវការការិយាល័យពីសំណាក់បណ្ដាធនាគារជុំវិញពិភពលោកធ្លាក់ចុះខ្លាំង នៅពេលវិបត្តិកូវីដ-១៩ ធ្វើឱ្យបែបបទធ្វើការងារប្រែប្រួលដូចការធ្វើការឆ្លាស់វេនគ្នាធ្វើការងារនៅផ្ទះខ្លះនៅការិយាល័យខ្លះ ឬ ធ្វើការងារពីផ្ទះជាដើមដើម្បីកាត់បន្ថយហានិភ័យឆ្លងវីរុសដ៏កាចសាហាវនេះ។

ការផ្គត់ផ្គង់លើសតម្រូវការក្នុងទីក្រុងហុងកុង ឆ្លុះបញ្ចាំងពីបញ្ហាដែលមិនធ្លាប់មានពីមុនមកចំពោះបណ្ដាក្រុមហ៊ុនសាងសង់អចលនទ្រព្យនៅក្នុងមជ្ឈមណ្ឌលរូបិយវត្ថុពិភពលោកមួយនេះ ដែលកំពុងប្រឈមមុខនឹងការសម្រុកចាកចេញរបស់ជនបរទេស និងរឹតបន្តឹងព្រំដែនយ៉ាងតឹងរ៉ឹងបំផុតក្នុងពិភពលោកដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here