ដោយៈគង់ សូរិយា
សៀមរាបៈ អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់បានសម្តែងនូវការ អបអរសាទរដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ដែល ត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់ ដោយអនុលោម ទៅតាមអនុសាសន៍របស់កិច្ចប្រជុំ អាយ.សុី.សុី.អង្គរ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២២។
លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា បន្ទាប់ពីបានទទូចស្នើសុំ និងតស៊ូមតិអស់ជាច្រើនលើកច្រើនសារ ក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក នេះគឺជាដំណឹងដ៏គួរឱ្យរំភើប រីករាយសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់បងប្អូនអ្នកភូមិរាប់ពាន់នាក់ទៀត ដែលនឹងបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវបេតុង ដែលមានប្រវែងសរុបជាង៣គីឡូម៉ែត្រនេះ។
លោកឃឹម ហ្វីណង់បានបន្តថា “បើទោះជាត្រូវគោរពតាមគោលការណ៍នៃលក្ខខណ្ឌតម្រូវ ដើម្បីជៀសវាងការប៉ះពាល់ដល់តំបន់មានសក្តានុពលបុរាណដ្ឋានក៏ដោយ ផ្លូវបេតុងទាំង២ខ្សែនេះនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ក៏ដូចជានឹងជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ”។
រដ្ឋបាលស្រុកបន្ទាយស្រី នឹងខិតខំប្រឹងប្រែងគ្រប់រូបភាព ដើម្បីអប់រំឱ្យអ្នកភូមិបន្តអភិរក្សថែរក្សា អត្តសញ្ញាណដើមរបស់ខ្លួន និងប្តេជ្ញា មិនឱ្យការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះ ប៉ះពាល់ទៅដល់ទេសភាព ដែលមានស្រាប់នៅតាមដងផ្លូវឡើយ ជាពិសេសការពារមិនឱ្យបាត់បង់ដើមឈើទាំងអស់ ដែលមានស្រេចនៅទីនោះ។
លោកបន្តថា “សង្ឃឹមថា រុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់ មិនគួរឱ្យទាក់ទាញនឹងវិលត្រលប់ទៅរកសភាពដើម នៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញ ហើយទីធ្លារមុខផ្ទះដែលជាកន្លែង ដែលតែងមានដីហុយខ្លាំង និងពិបាកសូម្បីតែដកដង្ហើមនោះ ក៏នឹងប្រែក្លាយទៅជាទីប្រមូលផ្តុំជួបជុំគ្នា មានកូនក្មេងរត់លេង និងមានអ្នកភូមិលក់ដូរ របស់របរហូបចុកជាហូរហែរដូចភូមិព្រះដាក់ផងដែរ”។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្លូវបេតុងអាចដំណើរការសាងសង់បាន។ ផ្លូវបេតុងទាំង២ខ្សែនេះនឹងត្រូវបានចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ ហើយបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយគ្រោងប្រើប្រាស់កញ្ចប់ថវិកា អភិវិឌ្ឍន៍មកពីមូលនិធិឃុំ មូលនិធិស្រុក និងមូលនិធិបឹងទន្លេសាបបូកបញ្ចូលគ្នា៕