ដោយៈសុផារី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់អចលនទ្រព្យឬដីមិនបានប្រើប្រាស់ ដែលកាន់ប្លង់ទន់ទាំងអស់ ឱ្យចុះបញ្ជីពន្ធដារមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ៣ចំណុចធំៗ។
ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ លោករស់ សារ៉ាកបានមានប្រសាសន៍ឱ្យដឹងនៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ស្តីពីពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ថ្ងៃទី ២១ ខែមេសានេះថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ១៩៩៦ ដោយច្បាប់ស្តីពីហិរញ្ញវត្ថុគ្រប់គ្រងនៅឆ្នាំ១៩៩៥ កំណត់តាមអត្រា២%នៃមូលដ្ឋានគិតពន្ធ។
លោកបញ្ជក់ថា មាត្រាទី២៧ នៃច្បាប់ខាងលើនេះបានកំណត់ថា “ពន្ធលើដីធ្លីមិនបានប្រើប្រាស់” ត្រូវបានកំណត់លើដីមិនមានសំណង់ ឬមានសំណង់ ដែលត្រូវបានទុកចោល ឬបោះបង់ចោល ស្ថិតនៅក្នុងទីក្រុង ឬតំបន់នានា ដែលកំណត់ដោយគណៈកម្មការដីមិនបានប្រើប្រាស់។
លោកបន្តថា “កន្លងមកចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៦ ការគិតពន្ធត្រូវបានអនុញ្ញាតកាត់ចេញ មូលដ្ឋានគិតពន្ធ១២០០ម៉ែត្រក្រឡា ក្នុងដីមួយកន្លែង តែចាប់តាំងពីឆ្នាំ២០០៧ ការអនុគ្រោះនេះមិនត្រូវបានអនុញ្ញាតទៀតទេ”។
លោកបានបញ្ជាក់ថា មុនដំណាច់ឆ្នាំ២០២៣ ម្ចាស់អចលនទ្រព្យប្លង់ទន់ ដែលមកចុះបញ្ជីនឹងទទួលបានការអនុគ្រោះ៣គឺ ទី១ យកពន្ធតែឆ្នាំកាន់កាប់ចុងក្រោយប៉ុណ្ណោះ។ បើសិនជាអលនទ្រព្យ មានសាវតាទិញលក់បន្តដៃគ្នាច្រើនដំណរ រដ្ឋាភិបាលអនុគ្រោះឱ្យយកឆ្នាំចុងក្រោយ ដែលកាន់កាប់ យកមកអនុវត្តពន្ធលើដីធ្លី មិនបានប្រើប្រាស់ប៉ុណ្ណោះ។ ទី២ ដកមូលដ្ឋានគិតពន្ធ១០០លានរៀលបន្ថែម។ ទី៣ លើកលែងពិន័យទោសទណ្ឌផ្សេងលើពន្ធ ករណីខកខាន ពោលគឺរាជរដ្ឋាភិបាលនឹងមិនយកពិន័យ។
លោក រស់ សារ៉ាក បន្ដថា “ប្រសិនបើដីរបស់យើង កំពុងត្រូវបានប្រើប្រាស់ ដើម្បីបង្កបង្កើនផល ម្ចាស់កម្មសិទ្ធត្រូវធ្វើបច្ចុប្បន្នភាពដីធ្លី ដោយមានការបញ្ជាក់ពីអជ្ញាធរ។ នោះនឹងមិនជាប់ពន្ធនេះទេ”។
លោកបន្ថែមថា ការអនុវត្តពន្ធនេះ គឺការប្រមូលពន្ធសម្រាប់ថវិការថ្នាក់ក្រោមជាតិ ដែលមានគោលបំណងទប់ស្កាត់ រូបភាពទិញដីទុកចំណេញដោយមិនប្រើប្រាស់ក្នុងរយៈពេលយូរ ធ្វើឱ្យសមស្របទៅនឹងការអភិវឌ្ឍ ការបង្កើតកំណើនសេដ្ឋកិច្ច និងការផ្តល់នូវឱកាសការងារជាដើម៕