ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានអះអាងថា វិស័យអចលនទ្រព្យកម្ពុជាចូលដល់ដើមត្រីមាសទី២នេះ ចាប់ផ្តើមមានសញ្ញាងើបឡើងវិញបណ្តើរៗហើយ។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃចុងសប្តាហ៍មុនថា សញ្ញានៃភាពរីកចម្រើននៃវិស័យអចលនទ្រព្យ មានភាពល្អប្រសើរបន្តិចម្តងៗហើយ ដោយសារយើងឃើញយន្តការនៃវិស័យនេះ និងការចេញដើរកំសាន្ត ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិរបស់ប្រជាពលរដ្ឋប្រមាណ៦លាននាក់ បានបង្ហាញថា ជំងឺកូវីដសឹងតែលុបបំបាត់ពីកម្ពុជា។
លោកបន្តថា “ប្រជាពលរដ្ឋបានចាប់ផ្តើម ធ្វើដំណើរជាធម្មតាឡើងវិញ ហាងនានាបានចាប់ផ្តើមមានសកម្មភាព ខណៈគំរោងអភិវឌ្ឍន៍មួយចំនួននៅតែលក់គំរោងចាស់របស់ពួកគេនៅឡើយ”។ លោកបន្តថា “ដីនៅតំបន់ជាយក្រុង ពិសេសគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣និងទី៤ ចាប់ផ្តើមងើបឡើងវិញ ទាក់ទងនឹងចរន្តទិញលក់”។
លោកច្រឹក សុខនីមបានបន្តថា ប៉ូលសេដ្ឋកិច្ចសំខាន់ៗនានារបស់កម្ពុជានឹងទទួលបានការរីកចម្រើន បើទោះមានព៌តមានមួយចំនួន ដែលបង្អាក់ក្តី ប៉ុន្តែចរន្តនៃការរីកចម្រើននៅតាមប៉ូលសេដ្ឋកិច្ចទាំងនោះ នឹងមានសភាពស្ទុះឡើងខ្លាំងនៅពេលឆាប់ៗខាងមុខនេះ ពិសេសមានសុទិដ្ឋិនិយមសំរាប់ ពេលអនាគត៕