ដោយៈជេស៊ីកា
កែបៈ អ្នកវិនិយោគក្នុងស្រុកបាន និងកំពុងត្រៀមបោះទុនរាប់លានដុល្លារ ដើម្បីវិនិយោគគំរោងដីលំហរតាមស្តង់ដាអន្តរជាតិ ជាលើកដំបូងនៅខេត្តកែប។
អ្នកនាងឆយ ហ្រ្វីដា អ្នកគ្រប់គ្រងទូទៅនៃគំរោង “ឆ្នេរសមុទ្រកោងកាង” បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៥ មេសាថា គំរោងដ៏ល្អនេះបាន និងកំពុងត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីផ្តល់នូវគុណតម្លៃដល់អតិថិជន ឲ្យទទួលបានដីលំហែរសមស្របនឹងអ្វី ដែលពួកគេវិនិយោគ និងបំពេញនូវក្តីសុបិនរបស់ពួកគាត់។
អ្នកនាងបន្តថា “យើងនឹងនាំអតិថិជន អ្នកទិញដីរបស់យើង ដើម្បីទទួលបានដី មានទីតាំងជាប់ដងព្រែកទឹកប្រៃ ឆ្នេរសមុទ្រ ព្រៃកោងកាង និងស្រែអំបិលនេះ”។ អ្នកនាងបន្តថា “យើងបាននិងកំពុងបង្កើតនូវក្តីសុបិនជាមួយអ្នកវិនិយោគ ដើម្បីឲ្យពួកគេទទួលបានដីលំហែរពិតប្រាកដ ជាមួយនឹងពេលវេលាអាចគយគន់ជួរភ្នំ ស្រូបយកខ្សល់អាកាសបរិសុទ្ឋ ដើរហាត់ប្រាណ និងមានពេលអង្គុយស្ទូចត្រីកំសាន្តនៅក្នុងគំរោងរបស់យើង”។
អ្នកនាងឆយ ហ្រ្វីដា បានបន្តថា ការវិនិយោគគំរោងដីលំហែរ នៅក្នុងគំរោង “ឆ្នេរសមុទ្រកោងកាង” មិនត្រឹមតែទទួលបាននូវទីតាំងដ៏ល្អ ដីដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ សួនច្បារ ទីកំសាន្តយ៉ាងប្រណីតប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនក៏ទទួលបានផលចំណេញ ពីការវិនិយោគនាពេលអនាគតយ៉ាងច្រើនផងដែរ។
អភិបាលនៃគណៈអភិបាលខេត្តកែប លោកបណ្ឌិតសោម ពិសិដ្ឋ បានលើកទឹកចិត្តចំពោះគំរោងវិនិយោគបែបនេះ ដោយលោកបានមានប្រសាសន៍ថា ទាល់តែមានការចូលរួមវិនិយោគពីវិស័យឯកជន ទើបខេត្តកែបមានការរីកចម្រើនលឿន និងឆាប់រហ័ស ពិសេសការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ជាការវិនិយោគពិតប្រាកដមួយ ដែលមានភាពជឿជាក់និងអាចទុកចិត្តបាន។
លោកបន្តថា “វិស័យឯកជនជាដៃគូរបស់រដ្ឋាភិបាល មិនអាចខ្វះបាន ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ”។ លោកបន្តថា “ការវិនិយោគដីលំហែរ ដោយរៀបចំតាមស្តង់ដាអន្តរជាតិបែបនេះ នឹងជួយលើកកំពស់មុខមាត់ខេត្ត ក៏ដូចជា ចូលរួមកសាងទំនុកចិត្តដើម្បីទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចជាតិ អន្តរជាតិមកកាន់ខេត្តកែបកាន់តែច្រើនថែមទៀត៕