ក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនចូលរួមពិភាក្សាជាមួយធនាគារកណ្ដាល ដើម្បីរកវិធីសង្គ្រោះគំរោងរបស់ខ្លួន

0

ដោយៈសុខុម

ហុងកុង: ប្រភពទម្លាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ជាច្រើន បានចូលរួមកិច្ចពិភាក្សាជាមួយ ធនាគារកណ្តាលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការលក់ទ្រព្យសកម្មដោយបង្ខំ និងវិធីផ្សេងៗទៀត ដើម្បីគាំទ្រដល់ឧស្សាហកម្មអចលនទ្រព្យ។

ធនាគារកណ្តាលចិន បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានពិភា​ក្សាជាមួយបណ្ដាធនាគារ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យដែលរងគ្រោះធ្ងន់ធ្ងរដោយសារការខកខានសងបំណុលជាបន្តបន្ទាប់ ប៉ុន្តែមិនបានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវបានអញ្ជើញឱ្យចូលរួមដែរនោះទេ។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនអភិវឌ្ឍន៍ជាង១០ បានចូលរួមក្នុងកិច្ចពិភាក្សានេះ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ សប្ដាហ៍មុន ប៉ុន្តែមិនបានបញ្ចេញឈ្មោះអ្នកចូលរួមឡើយ។

ប្រភពបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group និងក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Kaisa Group ក៏ទទួលបានកាអញ្ជើញចូលរួមដែរ។

នៅពេលស្នើសុំព័ត៌មានលម្អិត ធនាគារកណ្តាលចិនបាននិយាយថា ខ្លួនបានជួបប្រជុំ ជាមួយធនាគារពាណិជ្ជជាតិចំនួន១៨ និងក្រុមហ៊ុនគ្រប់​គ្រងទ្រព្យសកម្មចំនួន៥ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់សេដ្ឋកិច្ច រួមទាំងការរក្សាសណ្ដាប់ធ្នាប់ នៅក្នុងការហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងការសម្របសម្រួលការច្របាច់បញ្ចូលគ្នា និងការទិញយកទ្រព្យសម្បត្តិ ដែលកាន់កាប់ដោយក្រុមហ៊ុនអចលនទ្រព្យធំៗផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here