អគារកប់ពពកជាលើកដំបូងក្នុងក្រុងកំពតសាងសង់ដល់ជាន់ទី៧ហើយ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុងកំពតត្រៀមស្វាគមន៍វត្តមាន អាគារកប់ពពកជាលើកដំបូ​ង ខណៈអាគាពាណិជ្ជកម្មកប់ពពកនៅក្នុងទីក្រុងនេះ សាងសង់ដល់ជាន់ទី៧ហើយ។

បន្ទាប់ពីចំណាយ ពេលយ៉ាងយូរលើការសាងសង់គ្រឹះ និងជាន់ក្រោមដី មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងបាននិងកំពុងបន្តសាងសង់ ដែលគំរោងនេះរួមបញ្ចូលនូវផ្សារទំនើប ការិយាល័យសម្រាប់ជួល សណ្ឋាគារ អាផាតម៉ិន ខុនដូជាដើម។

លោកសាស្រ្តាចារ្យទួស សាភឿនដែលជាអ្នករចនាប្លង់គំរោងនេះ និងជាថ្នាក់ដឹកនាំ ផ្នែកស្ថាបត្យកម្មជាន់ខ្ពស់មួយរូប នៃក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសាងសង់មជ្ឈមណ្ឌលពា ណិជ្ជកម្មនេះ នឹងមានល្បឿនលឿន ដោយសារការសាងសង់គ្រឹះ និងជាន់ក្រោមដីបានបញ្ចប់។

លោកបន្តថា “ការសាងសង់ជាន់ក្រោមដី និងគ្រឹះត្រូវចំណាយពេលយូរណាស់ ប៉ុន្តែនៅពេលយើងសាងសង់រួច ការសាងសង់ជាន់ឡើងទៅខាងលើចំំណាយពេលលឿន”។ លោកបន្តថា “វត្តមានអគារកប់ពពកនេះ នឹងផ្លាស់ប្តូរមុខមាត់ ក្រុងកំពតនាពេលអនាគត ខណៈទីក្រុងនេះបាននិងកំពុងចាប់ផ្តើមទាក់ទាញ ការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគចិន និងអ្នកវិនិយោគក្នុងស្រុក”។

ក្រៅពីវរត្តមានអាគារកប់ពពក នៃមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុងកំពស់៤៥ជាន់នេះ ក្រុងកំពតក៏នឹងបង្ហាញនូវវត្តមាន អាគារកំពស់ចាប់ពី១០ជាន់ ដល់ជាង២០ជាន់ជាច្រើនទៀតនាពេលខាងមុខនេះ។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឃន៍ដីឡូតិ៍កម្ពុជា  លោកយិន លាងគង់ បានមានប្រសាសន៍ ក្នុងដំណើរចុះអង្កេតមើលការអភិវឌ្ឍ នៅក្នុងទឹកដីខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថា ល្បឿននៃការអភិវឌ្ឍន៍នៅក្នុងខេត្តកំពត មិនបានបង្អង់ល្បឿនច្រើនឡើយ អំឡុងវិបត្តិកូវីដ១៩កន្លងមក ដោយសារខេត្ត នេះមានមូលដ្ឋានសម្រាប់ការរីកចម្រើនជាច្រើន ដូចជា ទី១ ហេដ្ឋារចនាសម្ព័ន្ឋ​ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងមានចម្ងាយជិតបើគិតពីរាជធានីភ្នំពេញ ធៀបនឹងបណ្តាខេត្តជាប់តំបន់ឆ្នេរដទៃទៀត។

ទី២ ធនធានធម្មជាតិផ្នែកអេកូទេសចរណ៍៍ និងទេសចរណ៍បែបធម្មជាតិរបស់ខេត្ត ពិតជាមានសក្តានុពលខ្ពស់ និងមិនទាន់អាចទាញយកមក​ប្រើប្រាស់អស់នៅឡើយ ទី៣ ជាខេត្តគោលដៅ នៃគំរោងវិនិយោគរមណីយដ្ឋាន លំនៅដ្ឋាន និងដីឡួត៍លំហែរកាយ ដែលកំពុងមាននិន្នាការរីកចម្រើនខ្ពស់ ទី៤ ខេត្តមានមូលដ្ឋានសំខាន់មួយទៀត គឺសមុទ្រ កំពង់ផែ កសិទេសចរណ៍ដូចជាចំការម្រេច ស្រែអំពិល ព្រៃកោងកាងជាដើម។

លោកយិន លាងគង់ បន្តថា ការកើនឡើងនូវជីវភាពប្រជាពលរដ្ឋកា​ន់តែប្រសើរ លំហូរចូលនូវក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ នឹងធ្វើឲ្យខេត្តនេះផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខ ពិសេសនៅពេលវត្តមានអគារកប់ពពកថៃ ប៊ុនរ៉ុងសាងសង់ចប់ នឹងធ្វើឲ្យបែបផែននៃការរស់នៅ ការធ្វើការ និងការកំសាន្ត ក្នុងទីក្រុងនេះផ្លាស់ប្តូរមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here