ផ្សារទំនើបថ្មីៗចាប់ផ្ដើមចូលទៅកាន់តំបន់ផ្លូវវេងស្រេងខណៈផ្សារទំនើបសង់រួចជាច្រើនប្រឈមនឹងបញ្ហា

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផ្សារទំនើបៗមួយចំនួន ចាប់ផ្ដមឈានជើងចូលទៅកាន់តំបន់តាមបណ្ដោយផ្លូវវេងស្រេងកាន់តែច្រើន ខណៈផ្សារទំនើបមួយចំនួនមិនទាន់មានការទាក់ទាញអតិថិជននៅច្រើន។

អ្នកជំនាញមើលឃើញថា ការអភិវឌ្ឍផ្សារទំនើបតាមផ្លូវវេងស្រេង មិនទាន់សមស្រប សម្រាប់ផ្គត់ផ្គង់ក្នុងពេលបច្ចុប្បន្ននោះទេ ។

តំបន់ផ្លូវវេងស្រេង ត្រូវបានគេដឹងជាតំបន់ឧស្សាហកម្ម ហើយប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះភាគច្រើន ជាអ្នកចំណូលក្រោមមធ្យម។ ដូច្នេះការអភិវឌ្ឍផ្សារទំនើបនៅក្នុងតំបន់នោះ ហាក់មិនទាន់ទទួលបានការគាំទ្រប៉ុន្មាននោះទេ ។ តែយ៉ាងណាក្ដីផ្សារទំនើបមួយចំនួន ចាប់ផ្ដើមបង្ហាញរូបរាងជាបន្តបន្ទាប់ទាំងផ្សារទំនើបតូចៗ និងផ្សារទំនើបមធ្យមមួយចំនួន។

អ្វីដែលកត់សម្គាល់តាមបណ្ដោយផ្លូវនេះ គេមានផ្សារទំនើបមួយ K-Mall បានបើកដំណើរការមួយរយៈពេលមកហើយ តែមើលទៅសកម្ម​ភាពក្នុងផ្សារនេះ នៅមានកម្រិតនៅឡើយ ។

អ្នកនាងជិន ច័ន្ទដាលុច្ស អ្នកគ្រប់គ្រងផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា បច្ចុប្បន្ន ផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហាក់មានចំនួនច្រើនហើយ ហើយក្នុងពេលនេះដែរ អ្នកអភិវឌ្ឍន៍ក៏មិនគួរ សាងសង់ផ្សារទំនើបបន្ថែមទៀតដែរ តែសម្រាប់អ្នកដែលមានគម្រោង និងអ្នកដែលកំពុងសាងសង់ផ្សារទំនើបហើយ គេអាចបន្តដំណើរទៅមុខបាន។

អ្នកនាងបន្តថា “រយៈពេលកន្លងមកនេះឃើញថា ផ្សារទំនើបទាំងក្នុងស្រុក និងផ្សារទំនើបមកពីខាងក្រៅ បានឈានជើងចូលកាន់ទីផ្សារប្រទេសកម្ពុជា ហើយក្នុងនោះដែរក៏មានទាំងផ្សារទំនើបធំៗ និងផ្សារទំនើបតូចៗជាច្រើន ដែលធ្វើឱ្យបរិមាណផ្សារទំនើបមានច្រើន”។ អ្នកនាងបន្តថា “យ៉ាងណាក្ដីនៅពេលអនាគត តម្រូវការផ្សារទំនើបក្នុងប្រទេសកម្ពុជា នឹងមានកំណើនឡើង ស្របជាមួយនឹងកម្រិត នៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកាន់តែច្រើនដូចគ្នា”។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមើលឃើញថា ផ្លូវវេងស្រេងនេះ ចាប់ផ្ដើមផ្លាស់ប្តូរសក្ដានុពលពីវិស័យឧស្សាហកម្មទៅជាតំបន់លំនៅឋាន និងពាណិជ្ជកម្ម ។ ប៉ុន្តែក្នុងរយៈពេល ថ្មីៗនេះ វាមិនទាន់មានការផ្លាស់ប្តូរលឿននៅឡើយ ពីព្រោះថាការផ្លាស់ប្តូរពីមួយទៅមួយ ត្រូវការពេលវេលាយូរបន្តិច អាចក្នុងរង្វង់៥ឆ្នាំទៅ១០ឆ្នាំ ឬអាចច្រើនជាងនេះ ក៏ថាបានអាស្រ័យលើសក្ដានុពលទាក់ទាញខ្លាំងប៉ុណ្ណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here